ភ្នំពេញ៖ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ បានដឹកនាំសមាជិកទៅទស្សនៈកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងបំណង ដើម្បីផ្លាស់ប្ដូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក និងបន្ដកិច្ចសហប្រតិបត្ដិការ លើគោល ដៅប្រទេសទាំងពីរបន្ដពង្រឹង ពង្រីកទំនាក់ទំនង ឲ្យកាន់តែខ្លាំងក្លា លើគ្រប់វិស័យ ពិសេស នយោបាយ ការទូត យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម និង វប្បធម៌។
មុននិងចេញដំណើរទៅទស្សនៈកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៦ ដល់១៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ លោកស្រីម៉ែន សំអន បានបញ្ជាក់ដែរថា៖ បេសកកម្ម របស់សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ទៅប្រទេសវៀតណាមរយៈពេល៤ថ្ងៃនេះ វាប្រកដជាបានលើកកម្ពស់ស្ថានភាពស្ត្រីនៅក្នុងប្រទេសកម្ពុជា ដោយបង្កើនការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដើម្បីក្លាយជាអ្នក ដឹកនាំដែលមានភាពម្ចាស់ការ និងមានសិទ្ធិទទួលបានដោយសមធម៌ នូវ
ធនធាន និងផលប្រយោជន៏ពីគ្រប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព សង្គម វប្បធម៌ សេដ្ចកិច្ចនិងនយោបាយនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។ បេសកកម្មរបស់យើងនាពេលនេះគឺនិងបានបទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីយកមកអនុវត្ដការងារលើគោលដៅកាត់បន្ថយភាពងាយរងគ្រោះ របស់ស្ត្រី និងកុមារ និងដើម្បីលើកកម្ពស់ស្ថានភាពសុខភាព និងជីវភាពរស់នៅឲ្យកាន់តែ បានល្អប្រសើរឡើង ។
លោកស្រីបានរំលឹកអំពីប្រវត្ដរបស់សមាគនារីកម្ពុជាថា៖ ស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ រួមមានការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពិសេសវិស័យឧស្សាហកម្មកាត់ដេរ និងកសិកម្មដែលកំពុងឈានឆ្ពោះទៅសំរេចផែនការនាំអង្ករចេញឲ្យបាន មួយលានតោននាឆ្នាំ២០១៥ខាងមុខ ។ ក្នុងវិស័យនយោបាយ ស្ត្រីបានចលនាក្រុមគ្រួសារ សាច់ញាតិ អោយទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាហេតុធ្វើអោយគណបក្សប្រជាជនកម្ពុជា នៅតែទទួលបាន សម្លេងឆ្នោតគាំទ្រច្រើនលើសលប់ពីអណត្តិមួយទៅអណត្តិមួយ ហើយ ស្ត្រីក៍បានឈរឈ្មោះជាបេក្ខភាពនិងជាប់ឆ្នោតកាន់តែច្រើនឡើងដែរ។
ស្ត្រីចូលរួមយ៉ាងសកម្ម ក្នុងការធ្វើប្រតិកម្មតបទៅនឹងគណៈបក្សប្រឆាំង ទប់ទល់នឹងឧបាយកលសង្គ្រាមចិត្តសាស្ត្រ ដែលប៉ុនប៉ងបំផ្លាញសមិទ្ធផលនិងជ័យជំនះរបស់គណៈបក្សប្រជាជន។ ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នារីត្រូវបានយកចិត្តទុកដាក់ និងបង្កលក្ខណៈអោយបានចូលរួមកាន់តែ ច្រើនក្នុងតួនាទីជាសមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិការាជរដ្ឋាភិបាល និងក្នុងតួនាទីជាអ្នកដឹកនាំតាមបណ្តាស្ថាប័ននានាគ្រប់កម្រិត តាំងពីថ្នាក់ជាតិដល់ក្រោមជាតិ ។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៣ ឆ្នាំ២០១២ មានស្ត្រីចំនួន១៧៨១រូប ក្នុងនោះស្ត្រីជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជាមានចំនួន៩៥រូប ។
លទ្ធផលបោះឆ្នោតតំណាងរាស្ត្រអណត្តិទី៥កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅនេះគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈក្នុងចំណោម ១២៣ អាសនៈ ដែលមានសមាជិកាជាស្ត្រីចំនួន ២៥រូប ក្នុងនោះស្ត្រីតំណាងគណបក្សប្រជាជនចំនួន១៨រូប ។ការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១២ គណ បក្សប្រជាជនកម្ពុជាទទួលបាន៤៦អាសនៈនៃអាសនៈសរុប៦១ មានសមាជិកាចំនួន៨រូប ក្នុងនោះមកពីគណបក្សប្រជាជនចំនួន៦រូប។
លទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត អណត្តិទី២កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមកនេះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៣០៧ នៃអាសនៈទាំងអស់ចំនួន៣៩៣ ហើយក្នុងចំណោមអាសន:សរុប៣៩៣ មានស្ត្រីជាប់ឆ្នោតចំនួន៥២រូប ក្នុងនោះ គណបក្សប្រជាជនកម្ពុជាចំនួន៤៨រូប។ចំពោះក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ក្នុងចំណោមអាសន:សរុប២៩៣១ មានស្ត្រីជាប់ឆ្នោតចំនួន៤០៦រូប ក្នុង នោះគណបក្សប្រជាជនកម្ពុជាចំនួន៣៦១រូប ៕ ដោយ៖ សំរិត