ក្រុមហ៊ុននិងសហគ្រាសគឺជាដៃគូអភិវឌ្ឍមូលដ្ឋាន បង្កើនកំណើនសេដ្ឋីគ្រួសារនិងសង្គម

0

កំពតៈ ឯកឧត្តម ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រុមហ៊ុន និងសហគ្រាសគឺជាដៃគូអភិវឌ្ឍប្រទេសជាតិ និងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដ៏ល្អ ជាពិសេសផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់ ចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយបង្កើនកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ការលើកឡើងបែបនេះ នៅក្នុងវេទិកាសាធារណៈមួយ ស្តីអំពីការពីគ្រោះយោបល់លើគម្រោងអាជីវកម្ម ផលិតចំណីសត្វ និងដុតកំបោរ របស់សហគ្រាស លី គឹមវុន ស្ថិតនៅក្នុងភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៧ ក្នុងគោលបំណងដើម្បីទទួល និងបកស្រាយមតិលើកឡើងរបស់ប្រជាពលរដ្ឋ និងបង្ហាញអំពីលក្ខខ័ណ្ឌផ្សេងៗដែលសហគ្រាសត្រូវគោរពនិងអនុវត្តតាមការណែនាំរបស់ក្រសួងមុននឹងផ្តល់អាជ្ញាប័ណ្ណដើម្បីឲ្យដំណើរការចង្កាក់ផលិតកម្ម។

ថ្លែងនៅក្នុងវេទិការនោះ ឯកឧត្តអភិបាលខេត្តបានលើកឡើងថា ការផ្តល់ភ្នំស្តេចគង់ឲ្យសហគ្រា លី គឹមវុនដំណើរការផលិតចំណីសត្វ និងដុតកំបោរ មិនបង្កផលប៉ះពាល់ អ្វីដីធ្លី ឬចំការដំណាំប្រជាពលរដ្ឋក្បែរនោះទេ ប៉ុន្តែវានឹងផ្តល់មកវិញ នូវផ្លូវធ្វើដំណើរល្អ ផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់ថវិការបង់ពន្ធចូលរដ្ឋ។ ឯកឧត្តមបញ្ជាក់ដូច្នេះថា « មានសហគ្រាសមានការងារ មានលុយបង់ពន្ធចូលរដ្ឋ មានលុយធ្វើផ្លូវ មានលុយធ្វើអ្វីៗតាមសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន»។
តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមថា នៅក្នុងតំណើរការអភិវឌ្ឍវាតែងតែមានការបាត់បង់ ឬប៉ះពាល់អ្វីម្យ៉ាងបន្តិចបន្តួចជារឿងគេចមិនរួច។ ឯកឧត្តម សំណូមពរឲ្យសហគ្រាសផ្តល់អាទិភាពចម្បងដល់ពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំក្នុងការទទួលបានឱកាសធ្វើការងារនៅក្នុងសហគ្រាស ដើម្បីកាត់បន្ថយភាពលំបាក់របស់ពលរដ្ឋទៅធ្វើការនៅឆ្ងាយស្រុក និងជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

នៅក្នុងវេទិការសាធារណៈនោះដែរ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហេង ចាន់ថួន បានលើកឡើងថា នៅក្នុងលក្ខខ័ណ្ឌរបស់ក្រសួង មុនពេលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ឬសហគ្រាសណាមួយបើកអាជីវកម្ម ឬវិនិយោគ ក្រសួងត្រូវមានគណៈកម្មការចុះមកត្រួតពិនិត្យ សិក្សាវាយតម្លៃផលប៉ះពាល់ផ្សេងៗជាមុន ព្រមទាំងមានការឯកភាពពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្ត ជាពិសេសមានការឯកភាព យល់ស្របពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលក្រុមហ៊ុន ឬសហគ្រាស់សុំបើកធ្វើអាចជីវកម្មនោះផងដែរ។ លោកអនុរដ្ឋលេខាធិការបានគូសបញ្ញាក់ថា នៅក្នុងថ្ម១ម៉ែត្រគូប សហគ្រាសត្រូវបង់ថវិកា ០,១០ដុល្លារ សម្រាប់អភិវឌ្ឍសហគមន៍, ថវិការ០,១៥ដុល្លារ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស និងបង់សួយសារជូនរដ្ឋ ០,៦០ដុល្លារ ផងដែរ ហើយតាមរយៈថវិការទាំងនេះហើយជួយធ្វើឲ្យមានការអភិវឌ្ឍក្នុងមូលដ្ឋាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយបង្កើនកំណើនសេដ្ឋកិច្ចប្រទេស៕