(ព្រះវិហារ): ក្រុមហ៊ុនដួងស្រួចគ្រុប ដែលមានសិទ្ធប្រមូលផលអនុផលព្រៃឈើក្នុងដីសម្បទានសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទសុំគោលការណ៍បញ្ឈប់សកម្មភាពប្រមូលផលអនុផលព្រៃឈើហើយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ ដែលចុះហត្ថលេខាដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។
ឯកឧត្តម អ៊ុន ចាន់ ដាអភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់នៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះថា ក្រុមហ៊ុនដួងស្រួចគ្រុប ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ផ្អែកតាមការស្នើរសុំរបស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែសីហាឆ្នាំ២០១៧ បានចេញគោលការណ៍បញ្ឈប់សកម្មភាពដែលកំពុងប្រមូលផលអនុផលព្រៃឈើ ក្នុងសម្បទានដីសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការផ្អែកនេះ គឺតាមការអង្កេតស្រាវជ្រាវ របស់មន្ត្រីជំនាញឃើញថា ដីសម្បទានសង្គមកិចក្នុងឃុំរំដោះស្រែ ដែលក្រុមហ៊ុនដួងស្រួចមានសិទ្ធិប្រមូលផលអនុផលព្រៃឈើនោះ គឺពុំមានឈើសម្រាប់ប្រមូលទៀតទេ ដូច្នេះរដ្ឋបាលខេត្តព្រះវិហារ បានធ្វើសំណើរទៅក្រសួងកសិកម្មដើម្បីបញ្ឃប់សកម្មភាពប្រមូលផលអនុផលព្រៃឈើនៅតំបន់នេះ ហើយម្យាងទៀត ដើម្បីការពារព្រៃឈើនៅតំបន់ព្រៃដែនព្រះរការ ដែលនៅក្បែរអោយនៅគង់វង់៕សួនលីណា







































