ខេត្តប៉ៃលិន ៖ មានការត្អូញត្អែរពីប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ៃលិន បានឲ្យដឹង ស្ទើរគ្រប់ៗគ្នាថា រៀងរាល់យប់ប្រហែលម៉ោង១១និង០០នាទី នឹងម៉ោង៣ទៀបភ្លឺ មានក្រុមចោររកស៊ីទាក់សុនខ(ឆ្កែ) ដែលជាអ្នកយាមផ្ទះ និងជាទីស្រឡាញ់របស់ពួកគេ បានចិញ្ចឹម ដើម្បីឱ្យព្រុស
នៅពេលយប់ ជាច្រើនក្បាលត្រូវបានក្រុមចោរជិះម៉ូតូលួចទាក់ យកទៅលក់នៅតាមហាងសាច់ពិសេសមួយចំនួនក្នុងក្រុងប៉ៃលិន ។
ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិសួនអំពៅលិច សួនអំពៅកើត ភូមិប៉ាហ៊ីជើង ប៉ាហ៊ីត្បូង និងភូមិជាច្រើនទៀត បានបាត់ឆ្កែអស់ជាច្រើនក្បាល ដោយផ្ទះខ្លះបាត់អស់ពីរក្បាល ខ្លះបីក្បាល និងខ្លះទៀតបាត់អស់៤ទៅ៥ក្បាលក្នុង១យប់ៗ ដែលហេតុការណ៍នេះបានកើតឡើងជាបន្តបន្ទាប់ក្នុងខែមិថុនា ២០១៤ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសាច់សុនខ(សាច់ឆ្កែ) ពេញនិយមចំពោះមនុស្សទូទៅ មិនថាប្រុសឫស្រី ក្មេងឫចាស់ ហើយស្របពេលដែលហាងសាច់ពិសេស (សាច់ឆ្កែ) កំពុងតែកើនឡើងជាច្រើនកន្លែងនៅក្នុងក្រុងប៉ៃលិន ដូចជាហាងនៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ២កន្លែងជាប់គ្នា ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហាងនៅជាប់ផ្លូវជាតិលេខ៥៧មួយកន្លែង ហាងនៅខាងក្រោយវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត១កន្លែង ហាងនៅជាប់គ្នា២កន្លែង ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងហាងនៅកន្លែងផ្សេងៗមួយចំនួនទៀត ។
ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋស្ទើរតែទាំងអស់ដែលរស់នៅក្នុងក្រុងប៉ៃលិន បានព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់សត្វឆ្កែចិញ្ចឹមរបស់ ពួកគេ ព្រោះមានក្រុមចោរជាច្រើននាក់ បានលួចទាក់ឆ្កែនៅពេលយប់យកទៅ លក់នៅតាមហាងមួយចំនួនខាងលើ ហើយជាពិសេសពួកគាត់ព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួន ពីទ្រព្យសម្បិត្ត ព្រោះសត្វឆ្កែ អាចចាំយាមផ្ទះ ឫព្រុស ឲ្យម្ចាស់លឺ អាចដឹងពីហេតុការណ៏ដេលកំពុងកើតឡើង ។
ចំណែកឆ្កែដែលបាត់មួយក្បាលៗអាចមានទម្ងន់ចាប់ពី១០គីឡូក្រាម ឡើងទៅដល់១៥គីឡូក្រាមផងដែរ ។ ប្រភពពីម្ចាស់ហាងលក់សាច់ពិសេសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា៖ នៅហាងរបស់គាត់សាច់ឆ្កែហ៊ានទិញ១គីឡូក្រាមថ្លៃចាប់ពី៦៥០០រៀល ទៅ៧០០០រៀល ។ ចំណែកសាច់ពិសេស(ឆ្កែ)ងាប់ ដែលគេកោសរោលរួចរាល់១គីឡូក្រាមលក់ថ្លៃពី១៥០០០រៀល ទៅ២០០០០រៀល ហើយអ្នកយកមកលក់ច្រើនតែជាយុវជន ។





































