ក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ច្រកចូលទីផ្សារទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”

0

ខេត្តកែប៖ ដើម្បីជម្រុញការនាំចេញ និងឱកាសក្នុងការចាប់យកទីផ្សារដល់អ្នកដាំដុះ អ្នកកែច្នៃផលិតផលនាំចេញ នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ច្រកចូលទីផ្សាទៅកាន់ប្រទេសជាដៃគូ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សាសេរី” ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានគូសបញ្ជាក់ថា តាមគោលនយោបាយវិស័យពាណិជ្ជកម្ម និងទិសដៅជាយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត ដែលមានមន្ទីរពាណិជ្ជកម្មខេត្ត ជាសេនាធិការ បាននិងកំពុងជំរុញអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មខេត្ត តាមរយៈការតាមដាន និងសង្កេតនិន្នាការសេដ្ឋកិច្ច ការប្រមូលទិន្នន័យអាជីវកម្ម ពាណិជ្ជកម្ម ទិន្នន័យទំនិញនាំចេញ ទំនិញមានតម្រូវការខ្ពស់ជាដើម។

ឯកឧត្តមបណ្ឌិតបន្ថែមថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ ខេត្តបានជំរុញនាំចេញនូវមុខទំនិញ មួយចំនួនទៅកាន់ទីផ្សារក្រៅប្រទេសរួមមានម្រេច (GI) ក្នុងបរិមាណ១១តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក រុស្សី កាណាដា លីទុយអានី ចិន សិង្ហបុរី ថៃ, ស្វាយកែវរមៀត ក្នុងបរិមាណ១៨,២៦០តោន ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម និងស្រូវក្នុងបរិមាណ២៥០តោន ទៅកាន់ប្រទេសវៀតណាម ។ ទន្ទឹមនឹងនេះ ខេត្តបាននាំចេញនូវមុខទំនិញជាច្រើនមុខដូចជា អំបិល ទឹកត្រី ផលនេសាទសមុទ្រ មាន់ស្រែ បន្លែ ផ្លែឈើ  ជាដើម ទៅកាន់ទីផ្សារតាមបណ្តារាជធានី ខេត្តនៅទូទាំងប្រទេសផងដែរ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះគោលបំណងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹង ដល់ មូលដ្ឋាននាំចេញ ដាំដុះ កែច្នៃ រួមទាំងអ្នកពាក់ព័ន្ធ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការធ្វើសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជា ទៅកាន់ទីផ្សាក្នុងតំបន់ និងសកល និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះជាដើម។ ឯកឧត្តម រដ្ឋលេខាធិការបន្តថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់មូលដ្ឋានអ្នកដាំដុះ អ្នកកែច្នៃ ក្នុងការស្វែងរកទីផ្សារ និងការនាំចេញ។ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាម ត្រូវខិតខំយកចិត្តទុកដាក់ តាមដានរាល់បទបង្ហាញរបស់វាគ្មិន ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ក្នុងការសម្រេចគោលដៅបង្កើនការនាំចេញប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា សិក្ខាសាលារយៈពេលពេញមួយព្រឹកនេះប្រព្រឹត្តទៅ ជាមួយបទបង្ហាញរបស់វាគ្មិនលើបទបង្ហាញសំខាន់ៗរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសដៃគូរ,   ការជម្រុញលើកកម្ពស់ភាពប្រគួតប្រជែងផលិតផលខ្មែរ, ការរៀបចំ និងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, និងការចែករំលែក បទពិសោធន៍ ជោគជ័យក្នុងការនាំចេញរបស់ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ឯ.ក៕ សេង ណារិទ្ធ