កំពង់ចាម: អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ត្រូវបន្តការប្រុងប្រយ័ត្នជាថ្ម ដើម្បីការពារគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ព្រោះទឹកទន្លេមេគង្គ នឹងបន្តកើនឡើងបន្ថែមទៀត បន្ទាប់ពីស្រកចុះមួយរយៈពេលខ្លី។ 
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេមេគង្គ នឹងបន្តកើនឡើង នាពេលប៉ុន្មានថ្ងៃខាងមុខនេះ គួរឲ្យមានការព្រួយបារម្មណ៍ មន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងអ្នករស់នៅតាមតំបន់ទំនាបនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីបង្កា ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះស្ថានភាពទឹកនាពេលនេះ កំពុងបន្តកើនឡើង។
លោកបន្តថា ដោយអនុវត្តតាមការណែនាំ ពីក្រសួងធនធានទឹក លើវិធានការការពារ ក៏ដូចជាការផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដែលមានប្រជាជនរស់នៅតាមដងទន្លេ សុំឲ្យបន្តជួយផ្សព្វផ្សាយ អំពីស្ថានភាពជំនន់ទឹកទន្លេមេគង្គនេះ ដើម្បីមានវិធានការការពារ ទ្រព្យសម្បត្តិ អាយុជីវិតកូន-ចៅ និងសត្វពាហនៈ បង្ការទុកដាក់ជាមុនឲ្យបានទាន់ពេលវេលា ។
បើយោងតាមសេចក្ដីប្រកាសជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា បន្ទប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកទន្លេរួចមក ហើយបានព្យាករណ៍ថា ឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ បេប៊ីនកា(BEBINCA) បានបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន ធ្វើឲ្យទឹកទន្លេទាំង៣នេះ មានការជន់ឡើង។ ដូច្នេះទឹកទន្លេនឹងបន្តហក់ឡើងបន្ថែមទៀត រហូតដល់កម្ពស់ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់១១.០០ម៉ែត្រ នាថ្ងៃទី២២ ខែសីហា ខាងមុខនេះ រីឯទន្លេមេគង្គក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់២២.២០ម៉ែត្រ នាថ្ងៃទី២៣ ខែសីហា ចំពោះ ទន្លេមេគង្គកំពង់ចាម ទឹកអាចកើនឡើងដល់កម្ពស់១៥.៤៥ម៉ែត្រ នាថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន១៥.២០ម៉ែត្រ ដោយឡែក ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត ចំណែកទន្លេសេកុង និងទន្លេសេសាន ទឹកអាចនឹងស្រកចុះវិញ ក្នុងអំឡុង២-៣ថ្ងៃ ខាងមុខនេះ។ 
លោក អ៊ុ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបានកើនឡើងកម្ពស់១៥.២៥ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន១៥.២០ម៉ែត្រ ៕







































