ព្រះវិហារ លោកស្រីសាស្ត្រាចារ្យ Ynen Yuen Ang អ្នកស្រាវជ្រាវនៃការិយាល័យអង្គការសហប្រជាជាតិនិងជាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ មីឈីហ្គេន (Michigan) បានជួបភាក្សាជាមួយ អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពី ដំណើរការវិនិយោគរបស់វិនិយោគិនចិននៅលើទឹកដីនៃខេត្តព្រះសីហនុ។
ព្រះវិហារ ក្នុងឱកាសនៃជំនួបពិភាក្សានាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែស្រាពណ៌ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ នេះ លោកស្រី Yuen Yuen Ang បញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចរបស់លោកស្រី នៅខេត្តព្រះសីហនុគឺដើម្បីសិក្សាស្វែងយល់ អំពីដំណើរការអភិវឌ្ឍន៍ និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ជាពិសេសផ្តោតទៅលើការវិនិយោគ និងការគ្រប់គ្រងលើការវិនិយោគរបស់ជនជាតិចិន និងជនបរទេស រួមជាមួយចំណងមិត្តភាព រវាងខេត្តព្រះសីហនុ នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយប្រទេសចិន ក៏ដូចបណ្តាលប្រទេសដ៏ទៃទៀត ផងដែរ ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ លោកស្រីសាស្ត្រចារ្យ ព្រមទាំងបានជម្រាបជូនពីសក្តានុពលរសប់ខេត្តព្រះសីហនុ និងអ្វីដែលអំណោយផលសំរាប់ទាក់ទាញវិនិយោគិននានាទាំងជាតិនិងអន្តរជាតិ។ក្នុងនោះមានដូចជា កំពង់ផែទឹកជ្រៅអន្តរជាតិ មានកុងតឺន័រឆ្លងកាត់ ៧២ភាគរយ មានឆ្នេរសមុទ្រ ១៧៥គីឡូម៉ែត្រមានកោះចំនួន៣២ និងមានផ្លូវដឹកជញ្ជូនមានដូចជាផ្លូវទឹកផ្លូវគោក ផ្លូវអាកាស និងផ្លូវរថភ្លើង និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានរោងចក្រចំនួន ១៣១ មានកម្មករប្រមាណជាង ២.ម៉ឺននាក់ តំបន់សេដ្ឋកិច្ចកំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសស្រុកព្រៃនប់។
សក្តានុពលទាំងអស់នេះ ធ្វើឲ្យអ្នកវិនិយោគជាច្រើនបានចូលមកបណ្តាក់ទុនជាពិសេសអ្នកពីវិនិយោគមកពីប្រទេសចិនមានចំនួនច្រើនជាងគេ។
មូលហេតុដែលអ្នកវិនិយោគចិនចូលមកច្រើនបែបនេះទំនងជាដោយសារកត្តាភូមិសាស្រ្តខេត្តព្រះសីហនុ មានអំណោយផលល្អមានសក្តានុពលទាំងផ្នែកទេសចរណ៏និងផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម មានស្តិសុខ សុវត្ថិភាព មួយវិញទៀតខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាខេត្តបំពង់កសេដ្ឋកិច្ច ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងតែមួយគត់របស់កម្ពុជា ហើយស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយនិងវិថីសូត្រសមុទ្រ រួមជាមួយនឹងស្ថិរភាពនយោបាយរបស់កម្ពុជានិងទំនាក់ទំនងល្អរវាងកម្ពុជាចិនដែលស្រាប់ផងដែរ។
បញ្ហានេះបានធ្វើអោយខេត្តព្រះសីហនុ យ៉ាងឆាប់រហ័សក្នុងរយះពេលពីរឆ្នាំចុងក្រោយនេះ ។
គិតមកដល់ពេលនេះខេត្តមានសហគ្រាសសរុបចំនួនជាង៧៦០ជាង ក្នុងនោះក្រុមហ៊ុនរបស់ចិនមានចំនួនជាង២០០ផងដែរ។
ឯកឧត្តមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ប៉ុន្តែសុំឱ្យអ្នកវិនិយោគ និងទេសចរទាំងអស់ត្រូវតែគោរពច្បាប់កម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុ ធានាចំពោះសន្តិសុខ សុវត្ថិភាព ដល់អ្នកវិនិយោគ និងទេសចរ ដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ៕







































