អភិបាលខេត្តកំពង់ចាម​ ជម្រុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ និង​អ្នក​ទទួល​ការ​ អនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​​​

0

កំពង់ចាម​​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បានអញ្ជើញ​ជា​គណៈអធិបតី​ ក្នុង​ការ​ដេញ​ថ្លៃ​គម្រោង​ មូលនិធិឃុំ​-សង្កាត់​ សម្រាប់​ធ្វើ​ការ​សាងសង់​ផ្លូវ​ ក្រាលគ្រួសក្រហម ផ្លូវបេតុង ស្តា​ប្រឡាយ​ និង​គម្រោងអភិវឌ្ឍន៍ផ្សេងៗ ចំនួន​១០ឃុំ​​ របស់​ស្រុក​បាធាយ​​​ នាព្រឹក​ថ្ងៃ​ទី​២៤​ និង​១១គម្រោង​របស់​ ​ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែសីហា​​​ ឆ្នាំ​២០១៨។ 

​ នេះ​ជា​លើក​ទី​១ហើយ​ ដែល​ឯកឧត្តម​ អភិបាលខេត្ត​ បាន​អញ្ជើញ​​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​ការ​អនុវត្តន៍​និតិវិធី​ នៃការដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ​យ៉ាង​មាន​របៀបរៀបរយ​ ខណៈដែល​ប្រពលរដ្ឋទន្ទឹងរង់ចាំ​ ការ​អភិវឌ្ឍន៍​​ ក្នុង​មូលដ្ឋាន​។
នាឱកាស​នោះ​ដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​​​​​ បាន​ស្នើរ​សុំ​ឲ្យ​តំណាង​ក្រុមហ៊ុន​ទទួល​ការ​ទាំង​អស់​ ដែល​មាន​វត្តមាន​ចូលរួម​​ក្នុង​ការ​ដេញផ្លៃ​នេះ​ គឺ​សូម​ឲ្យ​មានការ​ដេញថ្លៃ​ដោយ​សេរី​ ​និងយុត្តិធម៌​​ ជៀសវាង​ការ​ឃុបឃិត​គ្នា​ ​ក្នុង​រូបភាព​ណាមួយ​ជា​ដាច់ខាត​ ព្រោះ​នេះ​ជា​កញ្ចប់​ថវិកា​ សម្រាប់​​ធ្វើ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ដូច្នេះ​ការ​ដេញ​ថ្លៃ​ត្រូវ​​ឲ្យ​មាន​តម្លាភាព​ និង​ការ​សាងសង់​ផ្លូវ​ ធ្វើ​ឲ្យ​​ត្រូវ​តាម​ស្តង់ដារ​ លក្ខណៈ​បច្ចេកទេស​ផង​ដែរ​។
ឯកឧត្តម​ អភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ​ ក្នុង​អំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេស​ត្រូវ​លុបបំបាត់​ឲ្យ​ខានតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ។ ដោយឡែកអ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរព​ឲ្យ​បានត្រឹមត្រូវ ទៅតាមលក្ខខណ្ឌ បច្ចេកទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។
ដោយសារ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិឃុំ​ ​រួមមាន​ស្រុកបាធាយ ចំនួន១០គម្រោង និងនៅស្រុកជើងព្រៃ ចំនួន ១១គម្រោង មានទំហំទឹកប្រាក់ប្រមាណ ១,៣៤០លានរៀល​ បាន​ដំណើរ​ការទៅ​ដោយ​រលូន​ និង​តម្លៃ​មាន​ការ​​ធ្លាក់​ចុះ​លើស​ពី​​៥០%ទៀត​នោះ​ គឺ​កញ្ចប់​ថវិកា​របស់​យើង​នៅសល់​ច្រើន​ ដូច្នេះ​យើង​​អាច​ត​គម្រោង​ធ្វើ​ផ្លូវ​ ឬ​ប្រឡាយ​​ បាន​ជាច្រើន​ម៉ែត្រ​ទៀត​។
បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​​គម្រោង​មូលនិធិឃុំ​ទាំង​២ស្រុក​ ស្មើនឹង​២១គម្រោង​​ បាន​ដំណើរ​ការ​ដោយ​រលូន​ និង​មាន​របៀបរៀបរយ​ល្អ​ ដោយ​​តម្លៃ​ធ្លាក់​ចុះ​ជាច្រើន​​ទៀត​នោះ​​ ដូច្នេះ​ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ ឃុំ​​ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ដោយ​រីករាយ​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ថា​ ​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ ត្រូវ​អនុវត្តន៍​ការងារ​សាងសង់​​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ របស់​ប្រជាពលរដ្ឋ​ ដែល​កំពុងតែ​ទន្ទឹង​រង់ចាំ​ ផងដែរ​។
សូម​បញ្ជាក់​ផង​ដែរ​ថា​ ដោយសារ​កន្លង​មក​ការ​ដាក់​ដេញ​ថ្លៃ​គម្រោង​នៅ​តាម​ឃុំ​-សង្កាត់​​ម្តងៗ​ តែងតែ​មាន​ភាព​រញ៉េរញ៉ៃ​ និង​មិន​ប្រក្រតី​ទៀត​នោះ​ ដូច្នេះ​ការ​ដាក់​ដេញ​ថ្លៃ​គម្រោង​ខាងលើនេះ​ ត្រូវ​បាន​ប្រមូល​ផ្ដុំ​ធ្វើ​ឡើង​នៅ​សាលា​ស្រុក​ ហើយ​​ឯកឧត្តម​ អភិបាលខេត្ត​​ បានអញ្ជើញ​ចុះ​ពិនិត្យ​​ការ​ដេញ​ថ្លៃ​ជាសាធារណៈ​នេះ ដោយ​ផ្ទាល់​ ដើម្បី​ឲ្យ​ដំណើរ​ការនៃការ​ដេញ​ថ្លៃ​ បានប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​មាន​ភាព​​សុក្រិត​យុត្តិធម៌​ផង​ដែរ​ ៕