ខេត្តកំពង់ធំ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ បានដឹកនាំមន្រ្តីរាជការសាលាខេត្តកំពង់ធំ រួមទាំងប្រធានមន្ទីរជុំវិញខេត្ត ចូលរួមសាងកុសល់ផលបុណ្យ ក្នុងឳកាសកាន់បិណ្ទវេនទី៧ នៅរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងពិធីកាន់បិណ្ទ ឯកឧត្តម លោកជំទាវ រួមទាំងមន្រ្តីរាជការ បានសម្តែងនូវទឹកមុខស្រស់ថ្លា ក្នុងការចាប់មាឃផល នៃពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបាន ប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ ជាក់ស្តែងនាពេលបច្ចុប្បន្ ប្រជាពលរដ្ឋខ្មែរ បានជ្រកក្រោមឆ័ត្រ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រនិង យកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់ រូបមានសិទ្ធិសេរីភាពក្នុងការគោរពសាសនា គ្រប់ពេលវេលា ដែលវាខុសគ្នាពីបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។
នៅក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម សុខ លូ និងលោកជំទាវ រួមទាំងមន្រ្តីរាជការ បានប្រគេនទ័យទាន វត្ថុ មាន អង្ករ១តោនកន្លះ ទឹកសុទ្ធ២០កេស ទឹកក្រូច ២០កេស ស្លាដក់ ១២ បច្ច័យសរុប ៥,៣៨០,០០០រៀល ដល់ព្រះតេជគុណ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគុណខេត្តកំពង់ធំ ដើម្បីទានសម្រាប់ព្រះសង្ឃ ប្រើប្រាស់តាមការគួរ ក្នុងការកសាងព្រះវិហារ ក្នុងនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានគម្រោង ធ្វើជាកឋិនសាមគ្គី ដែលមានមន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងចូលរួម នាពេលខាងមុខនេះ ដើម្បីដង្ហែរចូលវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ប្រមូលបច្ច័យសម្រាប់កសាងព្រះវិហារ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ យើងទាំងអស់គ្នាប្រារព្វ ពិធីបុណ្យផ្សេងៗបាន ដោយសារតែកក្តាសន្តិភាព ដូច្នេះយើងក៏អាចថែរក្សាសន្តិភាពបាន តាមគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអាចធ្វើឲ្យកំលាំងសេដ្ឋកិច្ចបន្ត កើនឡើងរង្វង់១២ភាគរយតទៀត កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋយើង ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានចូលរួមប្រជុំនៅអង្កការសហប្រជាជាតិ គឺទទួលបានជោគជ័យសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ប្រទេសជាច្រើន នៃអន្តរជាតិបានទទួលស្គាល់ការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ទទួលស្គាល់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាពិសេសបងប្អូនខ្មែរអាមេរិក ខ្មែរកាណាដា បានមកទទួលស្វាគមន៍ សម្តេចតេជោ យ៉ាងច្រើនកុះករជាង២ពាន់នាក់ និងគាំទ្រពេញចិត្តនូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាមហាជោគជ័យរបស់ខ្មែរ និងសំនូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ ទាំងអស់រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រក្សាសុខសន្តិភាព ជូនដល់បងប្អូនយើងទាំងអស់ទូទាំងខេត្តកំពង់ធំផងដែរ។ ដោយ ប៊ុន រដ្ឋា









































