ខេត្តកំពត៖ ស្ត្រីចំណាស់ម្នាក់ដែលពិកាជើងទាំង២តាំងពីកំណើតថែមទាំងភ្នែកខ្វាក់មើលមិនឃើញ បាននិងកំពុងស្រែកយំព្រមទាំងលើកដៃប្រណមសំពះដើម្បីរកជំនួយពីសប្បុរសជន ឲ្យជួយស្រោចស្រង់ជីវិតទម្រាំដល់ថ្ងៃអវសាន្ត។
ស្ត្រីកំសត់ខាងលើត្រូវបានអ្នកស្រុកប្រាប់ឈ្មោះ ម៉ីវ ប្រែង ជាស្ត្រីពិកាជើង ពិកាភ្នែក រស់តែលើរទេះរុញ អាយុ៦៤ឆ្នាំ រស់នៅតែម្នាក់ឯងក្នុងផ្ទះដ៏ចាស់ឌ្រុធទ្រោម ក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមអ្នកស្រុករស់ក្នុងតំបន់ខាងលើ បានឲ្យដឹងថា ស្ត្រីចំណាស់នេះតាំងពីដើមមកពុំមានប្តីសីឬកូនចៅអ្វីនោះទេ ប៉ុន្តែគាត់មានកូនស្រីចិញ្ចឹមម្នាក់ដែលជាមនុស្សមិនគ្រប់ទឹករស់គ្រាន់បានកំដរជីវិត ដោយកន្លងមករការហូបចុកអាស្រ័យតែលើអ្នកជិតខាងហុចបាយសម្លព្រឹកល្ងាច គឺបានហូបត្រឹមតែមួយចំអែតក្រពះប៉ុណ្ណោះ។អ្នកជិតខាងបានឲ្យដឹងទៀតថា ស្ត្រីកំសត់នេះថ្វីត្បិតមានកូនស្រីចិញ្ចឹមម្នាក់ក៏ពិតមែនតែហាក់ដូចជាគ្មានដដែលព្រោះថានាងបានត្រឹមតែមកជួយរុញរទេះឬជួយបោកសំលៀកបំពាក់ម្តងម្កាលប៉ុណ្ណោះ ក្រៅពីនោះនាងមិនចេះធ្វើអ្វីនោះឡើយ សូម្បីកាដាំស្លក៏នាងមិនចេះដែរព្រោះកូនស្រីចិញ្ចឹមនោះមើលទប់ឡប់សតិនិយាយស្តាប់មិនយល់ និយាយឲ្យចំដូចជាមនុស្សឆ្កួតទៅហើយជួនឃើញនៅផ្ទះជាមួយជួនបាត់ពេញ១យប់១ថ្ងៃ ម្លោះហើយការរស់នៅរបស់ស្ត្រីកំសត់ខាងលើត្រូវតែពឹងពាក់លើអ្នកជិតខាងទាំងស្រុងដូចជាការផ្តល់ចំណីអាហារជាដើម។អ្នកភូមិបានឲ្យដឹងទៀតថា ស្ត្រីចំណាស់ពិកាជើងពិកាភ្នែកនេះមើលទៅគួរឲ្យសង្វែកណាស់ជួនកាលដាច់បាយដាច់ទឹកដោយសារតែអ្នកធ្លាប់ផ្តល់បាយសម្លមិននៅផ្ទះធ្វើឲ្យលោកយាយម្នាក់នេះស្រែកយំដោយក្តីស្រេកឃ្លានបំផុតមើលទៅគួរឲ្យសង្វេកណាស់ ណាមួយពិកាជើងថែមទាំងខ្វាក់ភ្នែកមើលអ្វីមិនឃើញបើចង់ទៅណាមកណាក៏ទៅមិនរួចគឺមានតែស្រែកទ្រហ៊ោយំដោយក្តីស្រែកឃ្លានតាមយថាកម្មទៅចុះ។
ទាក់ទិននឹងការរស់នៅគ្មានទីពឹងនេះដែរ អ្នកភូមិមួយចំនួនបានលើកឡើងថា ស្ត្រីពិកាខាងលើកន្លងមកគេធ្លាប់ជួយផ្តល់ចំណីអាហារជាញឹកញាប់ព្រមទាំងផ្តល់ថវិកាជូនដល់គាត់ជាញឹកញាប់ តែហាក់ដូចជាធ្វើបុណ្យបានបាប ព្រោះតែរូបគាត់ច្រើនតែសងមកវិញនូវទុក្ខទោស ដូចជាការផ្តល់បាយទឹកជូនគាត់ហើយបែរជាជេរបញ្ចោរគេឯងមិនប្រណីមាត់ ទើបធ្វើឲ្យអ្នកភូមិមួយចំនួនចេះតែមិនហ៊ានធ្វើបុណ្យជាមួយព្រោះខ្លាចធ្វើគុណបានទោសមកវិញ។
បើទោះជាការលើកឡើងបែបនេះក្តី យើងក៏មិនត្រូវមានចិត្តទោសៈមោហៈឬមានការរុញរាក្នុងការធ្វើបុណ្យទាននោះដែរគួរតែជួយគ្នាបរិច្ចាកទានដោយចិត្តមនុស្សធម៌មកតែបុណ្យទៅចុះ ព្រោះថាស្ត្រីចំណាស់ដ៏គួរឲ្យអាណិតម្នាក់នេះពិតជាគ្មានអ្វីទីពឹងឡើយ បើម្នាក់ៗគិតតែប្រកាន់ខឹងមុននឹងក្រោយស្ត្រីពិកានេះពិតជាដាច់ពោះស្លាប់ដោយសារអត់អាហារមិនខាន។ ទន្ទឹមនឹងករណីទុរគតជនដូចខាងលើនេះ គេមិនដឹងថា អាជ្ញាធរក្នុងតំបន់បានដឹងឬក៏មិនដឹងនោះទេ តែបើអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បានដឹងតាមរយៈសារព័ត៌មានសូមជួយផ្គត់ផ្គង់ដល់ស្ត្រីចំណាស់ពិកាជើងពិកាភ្នែកគ្មានទីពឹងឲ្យគាត់រស់បានមួយគ្រាទម្រាំដល់ថ្ងៃស្លាប់ផងទៅចុះ។ម្យ៉ាងទៀតស្ត្រីកំសត់នេះកំពុងតែលើកដៃសំពះសុំជំនួយពីសប្បុរសជន ដែលមានចិត្តជ្រះថ្លាមេត្តាជួយឧបត្ថម្ភតាមសទ្ធាដល់រូបគាត់ដែលរស់ក្នុងសភាពអស់សង្ឃឹមនេះផង៕




































