សៀមរាប៖ បើកវគ្គផ្សព្វផ្សាយ ស្តីពី ការយល់ដឹងលើទិដ្ឋភាពសំខាន់ៗច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមស្ថានីយនិងដេប៉ូដល់អាជីវករ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ស្ថិតនៅក្នុងសាលារដ្ឋខេត្តខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ។ ដោយមានវត្តមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជីវករ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈប្រមាណជាង១០០នាក់។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត មានប្រសាសន៏ថា យើងទាំងអស់គ្នា ដើម្បីទទួលបាននៅការយល់ដឹងបន្ថែមទៀតអំពីច្បាប់ពាក់ព័ន្ធនឹងវិស័យ ពាណិជ្ជកម្ម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប ដែលជាអង្គភាពស្នួល បានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មតែមួយ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធដ៏ទៃទៀត រួមទាំងអាជ្ញាធរដែនដីផងដែរ។ លោក បានបន្តថា បើយើងពិនិត្យទៅលើវិស័យប្រេងឥន្ធនៈ ដែលជាបរិបទចំបងដែលលើកយកមកពិភាក្សាពិភាក្សាក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយនេះ ខេត្តសៀមរាបមានស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ធៈរហូតដល់ជាង ៣០០កន្លែង ក្នុងស្រុកទាំង ១២ រួមទាំងក្រុងសៀមរាប។ គឺជាកត្តាសំខាន់មួយ ក្នុងចំណោមកត្តាសំខាន់ៗ ជាច្រើនដែលជាចលនាការជម្រុញ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាអទិភាពផ្សេងទៀត ហើយដែលច្បាប់ត្រូវតែការពារទាំងធុរជន ទាំងអ្នកប្រើប្រាស់ ប្រកបដោយតម្លាភាព សុចរិតភាព និងស្មើភាពគ្នា។ ចេញពីអ្វីដែលបានលើកឡើងខាងលើនេះ លោកយល់ថា ចំពោះវគ្គផ្សព្វផ្សាយស្ដីពី “ ការយល់ដឹងលើទិដ្ឋភាពសំខាន់ៗ អំពីច្បាប់ និបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមស្ថានីយនិងដេប៉ូ ” ដល់ម្ចាស់ ស្ថានីយនិងដេប៉ូថ្ងៃនេះ ពិតជាប្រធានបទដ៏មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជម្រុញនិងធានាឱ្យមានការប្រកួតប្រជែង អាជីវកម្មប្រកបដោយសមធ៌ម ព្រមទាំងមានការចូលរួមយ៉ាងផុសផុលពីអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ ក៏ដូចជាការគាំទ្រ ពីរដ្ឋបាលខេត្តផងដែរ។
ជាមួយគ្នានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានប្រសាសន៏ផងដែរថា ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូទាំងអស់ ត្រូវតែមានកាតព្វកិច្ចអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានចែងពាក់ព័ន្ធនឹងផលិតករ និងសេវាករដែលត្រូវបំពេញនូវកាតព្វកិច្ចរបស់ខ្លួនឲ្យបានជាក់លាកណាមួយ ដើម្បីចៀសវាងកុំឲ្យអ្នកប្រើមានការភ័ន្តច្រឡំ ឬជៀសវាងធ្វើឲ្យមានផលប៉ះពាល់ដល់ការប្រកួតប្រជែងគ្នា។ ពាណិជ្ជករ និងអាជីវករក៏ត្រូវបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់ចំពោះមុខទំពិញ ឬសេវាណាមួយដែលខ្លួនយកមកធ្វើពាណិជ្ជកម្មលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា តាមសំណើររបស់ភ្នាក់ងារត្រួតពិនិត្យដូចចែងក្នុងមាត្រា២៧ នៃច្បាប់នេះថា ផលិតករក្នុងស្រុក ពាណិជ្ជករនាំចូល និងសេវាករ ដែលទទួលខុសត្រូវអំពីពាណិជ្ជកម្មលើកដំបូងលើផលិតផល ទំនិញ និងសេវាត្រូវបង្ហាញភស្តុតាងនៃការពិនិត្យបញ្ជាក់ និងការត្រួតពិនិត្យឲ្យបានច្បាស់លាសជាមុនសិនទើបអនុញ្ញាតិឲ្យដំណើរការ។ ចប្ចុប្បន្ន នៅទូទាំងប្រទេសយើង មានស្ថានីយប្រេងឥន្ធនៈ និងដេប៉ូប្រមាណជាង៨០០កន្លែង ក្នុងនោះមានម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូ ៤០%ប៉ុណ្ណោះ ដែលពួកគាត់បានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ ដោយឡែក៦០%ទៀត គឺមិនទាន់បានអនុវត្តឲ្យបានត្រឹមត្រូវឡើយ។ លោក សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបានឆ្លងកាត់វគ្គផ្សព្វផ្សាយខ្លឹមសារនៃច្បាប់នេះហើយ ធុរជនប្រកបមុខរបរប្រេងឥន្ធនៈទាំងអស់ នឹងគោរពអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ ដែលគ្របដណ្តប់ផ្នែកនេះ ដើម្បីជាផលប្រយោជន៍នៃសង្គម ជាតិយើងទាំងអស់គ្នា ហើយក៏ស្នើសុំស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាពនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ត្រូវខិតខំពង្រឹងការងាររបស់ខ្លួន ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា កុំឲ្យទំនិញមិនប្រក្រតី បញ្ហាគុណភាព និងសុវត្ថិភាព មានដាក់លក់លើទីផ្សាររបស់យើងជាដើមឲ្យមានភាពកាន់តែល្អប្រសើរឡើង៕