​​បុណ្យ​រុក្ខទិវា​០៩​កក្កដា​២០១៤​ប្រារព្វ​ធ្វើ​អធិកអធម​នៅ​ស្រុក​គូលែន​

0

​ ​ខេត្តព្រះវិហារ​ ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ប្រារព្វ​ធ្វើ​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា​០៩​កក្កដា​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែសីហា​ឆ្នាំ​២០១៤​ក្រោម​អធិបតីភាព​ឯកឧត្តម​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​ព្រះវិហារ​និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ថិតនៅ​ភូមិ​ស្រយង់ជើង​ឃុំ​ស្រយង់​ស្រុក​គូលែន​។​ពិធី​នេះ​មាន​អ្នក​អញ្ជើញ​មក​ចូលរួម​យ៉ាង​អធិកអធម​សរុប​ប្រមាណ​៦០០​នាក់​។​ ​

លោក​អិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ជំរាបជូន​គ​ណះ​អធិបតី​អោយបាន​ដឹងថា​កម្មវិធី​កំណែទម្រង់​ព្រៃឈើ​ជាតិ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​អោយបាន​នូវ​គម្រប​ព្រៃឈើ​៦០​ភាគរយ​នៃ​ផ្ទៃដី​ទាំងមូល​គិត​ត្រឹម​ឆ្នាំ​២០១៥​។​ ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ជំរាបជូន​បន្តទៀតថា​ផ្អែក​តាម​កម្មវិធី​កំណែទម្រង់​នេះ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ​ផ្ទាល់​បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​អង្គការ​ជាតិ​និង​អន្តរជាតិ​ចូលរួម​លើក​កំពស់​និង​អនុវត្ត​ការងារ​ដាំ​កូនឈើ​ទ្បើង​វិញ​នៅលើ​ផ្ទៃដី​ទំនេរ​និង​ដីព្រៃ​រិច​រិល​នៅ​ទូទាំងប្រទេស​។​vlcsnap-2014-08-04-15h36m03s220

​លោក​បាន​ថ្លែងថា​គិត​ចាប់តាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៣​កន្លងមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានធ្វើ​ការដាំ​កូនឈើ​ប្រណីត​ចំរុះ​សរុប​ចំនួន​៣៨.០៣៥​ដើម​លើ​ផ្ទៃដី​ចំនួន​៨៦០​ហិកតា​និង​ចែកជូន​កូនឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​និង​គ្រួសារ​កងទ័ព​សរុប​ចំនួន​១៩.៥៧៨​ដើម​។​ក្នុង​ឆ្នាំ​២០១៤​នេះ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ចែកជូន​កូនឈើ​ហូប​ផ្លែ​និង​កូនឈើ​លម្អ​ចំនួន​១៥.១០០​ដើម​ដល់​ប្រជាពលរដ្ឋ​គ្រួសារ​កងទ័ព​និង​អាជ្ញាធរ​ក្រុង​ព្រះវិហារ​ផងដែរ​។​ ​

ឯកឧត្តម​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​អង្គពិធី​ទាំងមូល​ថា​ពិធីបុណ្យ​រុក្ខទិវា​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​សំរាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ​មន្ដ្រីរាជការ​ស៊ីវិល​និង​ប្រដាប់អាវុធ​សិស្សានុសិស្ស​អោយ​ខិតខំ​យកចិត្តទុកដាក់​ដាំ​ដុះ​កូនឈើ​ទ្បើង​វិញ​។​

ការដាំ​កូនឈើ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​និង​ជា​កិច្ចការពារបរិស្ថាន​អោយមាន​ភាពស្រស់​បំព្រង​។​ឯកឧត្តម​អភិបាលខេត្ត​ថ្លែងថា​ព្រៃឈើ​គឺជា​សម្បត្តិ​ធម្មជាតិ​ដ៍​មាន​តំលៃ​បំផុត​ចំពោះ​មនុស្សជាតិ​និង​សត្វលោក​រស់នៅ​លើ​ភពផែនដី​ទាំងមូល​។​ ​ពិធីបុណ្យ​រុក្ខទិវា​ខាងលើនេះ​មាន​រៀបចំ​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​ដោយ​ឯកឧត្តម​អភិបាលខេត្ត​និង​មាន​ពិធី​ចុះហត្ថលេខា​គូ​ស្វាមីភរិយា​ដែល​ទើប​រៀប​មង្គលការ​ដើម្បី​ចូលរួម​ដាំ​កូនឈើ​ទុកជា​អនុស្សាវរីយ៍​។​ ​

ចុងបញ្ចប់​នៃ​ពិធីគ​ណះ​អធិបតី​ព្រមទាំង​ព្រះសង្ឃ​និមន្ត​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​ទុកជា​និមិត្តរូប​។​ពិធីបុណ្យ​រុក្ខទិវា​ឆ្នាំនេះ​មានកូន​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ចំនួន​២៥០០​ដើម​និង​អាកាស្យា​ចំនួន​១​ម៉ឺន​ដើម​ដាំ​លើ​ផ្ទៃដី​ចំការ​០២​ហិកតា​ឧបត្ថម្ភ​ដោយ​គម្រោង​ITTO​និង​WCS​ហើយ​បានផ្ដល់​កូនឈើ​ហូប​ផ្លែ​ចម្រុះ​ដល់​អ្នក​មក​ចូលរួម​ចំនួន​២១០០​ដើម​បន្ថែមទៀត​៕ ​