ខេត្តព្រះវិហារ៖ ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី ថន ប៉ោហៀក បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យ ៤នាក់ ដែលជាប់ជំពាក់ទៅនឹង បទ «ក្លែងបន្លំឯកសណ្ឋាន ផ្លាកសញ្ញា ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើសច្បាប់» កាលពីល្ងាចថ្ងៃទី១៩មីនាឆ្នាំ២០២១ និងនៅក្នុងការចោទប្រកាន់នោះទៀត បានធ្វើឡើងបន្ទាប់ពីកម្លាំងឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព របស់មន្ទីរបរិស្ថានខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹង កាលពីព្រឹកថ្ងៃទី១៩មីនាឆ្នាំ២០២១ លើជនសង្ស័យទាំង ៤នាក់ ដែលស្នាក់នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង ៤នាក់ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី ថន ប៉ោហៀក បានបង្ហាញឲ្យដឹងថា មន្ទីរបរិស្ថានខេត្ត បានប្តឹងជនសង្ស័យ ៤នាក់ ដែលបានក្លែងបន្លំឯកសណ្ឋាន ផ្លាកសញ្ញា ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នាពេលកន្លងមក និងដើមបណ្តឹងនៅក្នុងករណីនេះ គឺលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ។
លោកស្រី ថន ប៉ោហៀក ក្រោយសវការអស់រយៈពេល ១ថ្ងៃពេញ កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២១ នោះមក លោកស្រីចៅក្រម បានសម្រេចចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ និងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្ត លើជនសង្ស័យ ៤នាក់ ម្នាក់ឈ្មោះ ហួន ចាន់ធឿន អាយុ ៥៦ ,ឈ្មោះ សេង និស្សយ័ អាយុ ៥៦ឆ្នាំ បុរសសង្ស័យទាំង ២នាក់ ស្នាក់នៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ,ឈ្មោះ ខាត ហ៊ុល ភេទប្រុស អាយុ ៦១ឆ្នាំ ស្នាក់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន និងឈ្មោះ សុខ ហួត ភេទប្រុស អាយុ ៥៩ឆ្នាំ ស្នាក់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។ ជនសង្ស័យទាំង ៤នាក់ គឺជាបុគ្គលិកអង្គការ ត្រូវបានចោទពីបទ «ក្លែងបន្លំឯកសណ្ឋាន ផ្លាកសញ្ញា ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីធ្វើសកម្មភាពល្មើស» ប្រព្រឹត្តនៅភូមិតាកឹង ឃុំថ្មី ស្រុកគូលែន កាលពីថ្ងៃទី១៩មីនាឆ្នាំ២០២១ តាមបញ្ញត្តិ មាត្រា៦១ ចំណុច ៨ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ក្រោយពីបញ្ចប់សវនាការពេញមួយថ្ងៃ និងក្រោយពីរកឃើញកំហុសជនសង្ស័យទាំង ៤នាក់នោះមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោកស្រី ថន ប៉ោហៀក បានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ៩៥៥ ចុះថ្ងៃទី១៩មីនាឆ្នាំ២០២១ ដោយបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ៤នាក់ខាងលើ ទៅមណ្ឌលឃុំខ្លួនពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ,ប្រធានមណ្ឌលឃុំខ្លួនពន្ធនាគារខេត្ត ត្រូវទទួល និងឃុំខ្លួនជនទាំង ៤នាក់ រហូតដល់មានបញ្ជាថ្មី សម្រេចផ្សេងពីនេះ និងភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានសម្រេចផ្អាកសកម្មភាព របស់អង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ ជលផលកម្ពុជា កាលពីថ្ងៃទី២១មករាឆ្នាំ២០២០ កន្លងមក ដោយក្រសួងមហាផ្ទៃពិនិត្យឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពផ្ទុយនឹងប្រការ៨ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងពុំបានបំពេញកាតព្វកិច្ចតាមការកំណត់ ក្នុងបទបញ្ញតិ្តក្នុងមាត្រា១០ និងមាត្រា២៥ នៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើឲ្យមានការយល់ច្រឡំនឹងអាជ្ញាធរមានសមត្ថកិច្ច។
ដោយអនុលោមតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព «អង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ ជលផលកម្ពុជា»ជាបណ្តោះអាសន្ន ក្នុងរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹង គឺថ្ងៃទី២១មករាឆ្នាំ២០២០ តទៅ ៕