ខេត្តកំពង់ធំៈ សិក្ខាសាលាបើកវគ្គបណ្តុះបណ្តាលការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវបានរៀចំឡើង ចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងមានការចូលរួម ពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ឋចំនួន ២៦មន្ទីរផងដែរ។ 
បន្ទាប់ពីកិច្ចស្វាគមន៍ រួចមក ឯកឧត្តម អ៊ុត សំអន បានមានមតិសំណេះសំណាល ផ្តាំផ្ញើរដល់ មន្ទីរអង្គភាព ពាក់ព័ន្ឋ ស្តីពីការសាងអភិវឌ្ឍន៍រយះពេលប្រាំឆ្នាំនិងវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងជួយដល់អ្នកពាក់ព័ន្ឋទាំងអស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីខ្លឹមសារនៃសេចក្តីណែនាំ បច្ចេកទេសស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ ដើម្បីចាត់ចែងកិច្ចការ ចាំបាច់នានានៅមូលដ្ឋាន សំដៅផ្តល់សេវាកម្មសាធារណៈ និងកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានប្រកបដោយ ប្រសិទ្ធិភាពនិងមានតម្លាភាព មានសមធម៌ និងគណនេយ្យភាព ស្របទៅតាមតម្រូវការជាអទិភាព ជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។ 
ឯកឧត្តម បានបញ្ជាក់ថា ការបើកបគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងធានាឲ្យក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី២ អាចចាប់ផ្តើមរៀបចំ កសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខ្លួន ឲ្យបានឆាប់រហ័ស ស្របតាមសេចក្តីណែនាំបច្ចេកទេសថ្មីស្តីពី ការរៀបចំផែនការអភិវឌ្ឍន៍។
ជាចុងក្រោយ ឯកឧត្តម អ៊ុត សំអន បានកោតសរសើរ ចំពោះក្រុមការងារ គ្រូបង្គោលថ្នាក់ខេត្ត ដែលបានខិត ខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង និងសុំឲ្យលោក លោកស្រី ជាសិក្ខាកាម មេត្តាយកចិត្តទុក ដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយចន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ ក្នុងការក្រេបជញ្ជក់ ចំណេះដឹងពីសិក្ខាសាលានេះ ជាពិសេសលោក ជាប្រធានមន្ទីរ អនុប្រធាន មានតួនាតីសំខាន់នៅក្នុងការ ផ្តល់ការគាំទ្រ ដោយផ្ទាល់ដល់មន្ត្រីក្រោមឳវាទ ឲ្យមានសមត្ថភាពអាចរៀបចំ ការកសាងនិងគ្រប់គ្រងផែនការ អភិវឌ្ឍន៍រយះពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ។ 




































