ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ អង្គការកុមារអាស៊ីអាស្ពេកាបើកការប្រកួងកីឡាបាល់ ទាត់លើកទី១០ ប្រចាំឆ្នាំ២០១៤នៅមណ្ឌលបូរីកុមារកំព្រាខេត្តព្រះសីហនុ ការប្រកួតនេះដោយមានការគាំទ្រពីក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទា ។ ដោយមានការអញ្ជើញចូលរួមបើកការប្រកួតដោយលោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ ។
លោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកួតកីឡាកុមារកំព្រាប្រចាំឆ្នាំ២០១៤ មានប្រសាសន៍ផ្តាំផ្ងើរអោយក្មួយៗជាកីឡាករទាំងអស់ថា ការលេងកីឡាជានាំមកនូវសាមគ្គីភាពមិត្តភាព និងការផ្លាស់ប្តូរបច្ចេកទេសពីគ្នាទៅវិញទៅមក ដែលនឹងធ្វើឲ្យទំនាក់ទំនងរវាងកុមារកំព្រាកាន់តែល្អប្រើថែមទៀត ត្រូវចេះជួយយកអាសារគ្នា ។ ការលេងកីឡាតែងតែមានឈ្នះ និងចាញ់ តែអ្វីដែលសំខាន់ គឺជាការប្រកួតដកបទពិសោធន៌ពីគ្នាដោយមានការយោគយល់អនុគ្រោះគ្នាចៀសវាងមានបញ្ហា ព្រោះថាក្មួយៗទាំងអស់សុទ្ធតែជាកុមារដែលទទួលបានការឧបត្ថម្ភពីអង្គការកុមារអាស៊ីអាស្ពេកា និងក្រសួងសង្គមកិច្ចដូចគ្នា ការលេងកីឡានាំមកនូវសុខភាព និងជាការជួបជំសហការសាមគ្គីគ្នាកាន់តែល្អបន្ថែមទៀតរវាងកុមារនៅតាមមណ្ឌលទាំងអស់ ។
លោក ហេង សំអាន បានសំដែងនូវការអបអសាទចំពោះអង្គការកុមារអាស៊ីអាស្ពេកា និងក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទា បានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើង និងជូនពរក្មួយជាកីឡាករ ដែលបានចូលរួមប្រកួតក្នុងខេត្តព្រះសីហនុទាំងអស់ឲ្យដណ្តើមបាននូវជ័យជំនះសម្រាប់មណ្ឌលរបស់ខ្លួននៅពេលដែលត្រឡប់ទៅវិញ ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ ។
ការប្រកួតមានកីឡាករមកពីតាមមណ្ឌលមកពីខេត្ត រាជធានីចំនួន១០ ក្នុងនោះមានដូចជា កុមារមណ្ឌលភ្នំពេញថ្មី មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង មណ្ឌលកុមារកំព្រាខេត្តពោធិសាត់ មជ្ឈមណ្ឌលកុមារកំព្រាខេត្តមណ្ឌលគិរី មណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បូរីកុមារកំព្រាខេត្តព្រះសីហនុ មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ មជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រៃរែង មណ្ឌលកុមារកំព្រារតនគីរី និងមណ្ឌលកុមារកំព្រាខេត្តតាកែវ ។ ការប្រកួតកីឡាបាល់ទាត់ចែកចេញជាពីរពូល ក្នុងមួយពូលមាន៤ក្រុម ក្រុមនីមួយៗមានកីឡាករចំនួន១០នាក់ដែលមានអាយុចាប់ពី ១៦ឆ្នាំចុះ ដែលមានកីឡាករចូលរួមប្រកួតចំនួនសរុប ៩០នាក់ ។ ក្របខ័ណ្ឌនៃការប្រកួតក្រុមនីមួយៗត្រូវប្រកួតវិលជុំក្នុងពូលរហូតគ្រប់ក្រុម សរុបនៃការប្រកួតទាំងអស់មាន ២០ប្រកួត ហើយការប្រកួតនិមួយៗមានរយៈពេល២៥នាទី ៕






































