ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៣នាក់ និងព្យាបាលជាសះស្បើយចំនួន២០៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។
យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៣នាក់ ចំពោះករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៩ ដល់ទី៥១ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៥២ ដល់ទី៥៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ចំពោះករណីទី៥៤ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីខេត្តបាត់ដំបង និងករណីទី៥៥ ដល់ទី៩៣ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។ ទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យក៏មានព្យាបាលជាសះស្បើយ ចំនួន២០៩នាក់ផងដែរ ហើយអ្នកទាំងនោះត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃទៀត។
គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧១៨៨នាក់ បានព្យាបាលជាសះស្បើយចំនួន៥៩៤៥នាក់ ស្លាប់៧៥នាក់ និង១១៦៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។







































