ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាំយកថវិកាបេឡាមរណៈសង្រ្គោះ ជាង៤លានរៀល ផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណៈភាព

0

ខេត្តព្រះវិហារ៖ គ្រួសារសពអតីតយុទ្ធជន នៅខេត្តព្រះវិហារ ត្រូវគេសង្កេតឃើញថា តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រធានសមាគមអតីតយុទ្ធជនខេត្ត ដែលមានលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា ជាប្រធាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងមានទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការសមាគម។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្រ្គោះ និងគ្រឿងបរិភោគទៅផ្តល់ជូនគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណៈភាព កាលពី ៤ថ្ងៃកន្លងទៅនេះ។ សពអតីតយុទ្ធជន ឈ្មោះ ប៉ិ សារុន ភេទប្រុស អាយុ ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ គឺជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ហើយអតីតយុទ្ធជនរូបនេះ បានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអគ្គលេខាធិការនោះ លោកបានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងនៅថ្នាក់មូលដ្ឋាន នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លាន៥សែនរៀល ក្នុងនោះថវិកា ៤លានរៀល ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងថវិកា ៥០ម៉ឺនរៀល រួមទាំងអង្ករ ២បេផងដែរ គឺជារបស់អង្គភាពសឹករងខេត្ត ដែលបានយកមកប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជននៅក្នុងពេលនេះ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជន សូមកុំមានការអស់សង្ឃឹមឲ្យសោះ បើនៅតែមាន សម្តេចតេជោ ធ្វើជាប្រមុខសមាគមអតីតយុទ្ធជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវខិតខំកសាងជីវភាពគ្រួសារ តាមរយៈការដាំដុះបន្លែបង្ការគ្រប់មុខ និងការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅឲ្យល្អប្រសើរ។ ម្យ៉ាងទៀតក៏ត្រូវបន្តចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការអនុវត្តន៍ នូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងការអនុវត្តន៍តាមវិធានការ ឬសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីខ្លួនយើងក្រុមគ្រួសារយើង និងសហគមន៍យើងគ្មានជំងឺកូវីដ-១៩ ៕