ខេត្តកំពត៖ អ្នកជួបជុំផឹកស៊ី ច្រៀងរាំក្នុងក្លឹបខារឡាអូខេដែលល្មើសនឹងវិធានការរដ្ឋបាល ចំនួន២០នាក់ រួមមានអ្នកគ្រប់គ្រង សន្តិសុខ និងភ្ញៀវ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពត ចុះបង្ក្រាបកាលពីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
ចំពោះចំណាត់ការដូចខាងលើ មហាជនក៏សូមកោតសរសើរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលជានិច្ចកាលតែងតែមានវិធានការ បង្ការ ទប់ស្កាត់នូវបទល្មើសគ្រប់រូបភាពបានទាន់ពេលវេលា ដើម្បីរក្សាសន្តិភាព ក្នុងគោលបំណងធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទី កម្លាំងនគរបាលបាលរដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើសបម្រាមវិធានការរបស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេនិង ភោជនីយដ្ឋានហាន់នី ដែលមានទីតាំងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពត ខេត្តកំពត ក្នុងនោះឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងដែលបានបើកឲ្យដំណើរការជួបជុំផឹកស៊ីនិងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ស្រី៥នាក់ ក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ សន្តិសុខម្នាក់ នារីបម្រើខារ៉ាអូខេ៥ នាក់និងភ្ញៀវ ១០នាក់។
បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងធ្វើការសាកសួរមនុស្សទាំង១៧នាក់ ខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕








































