ខេត្តកំពង់ធំ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវបងប្អូនទាំងអស់ចាប់ពីអាយុ១២ឆ្នាំឡើង សូមមកចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា នៅទីតាំងតាមបណ្ដាក្រុងស្រុកដែរបានកំណត់។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ក្នុងការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែរគិតមកទល់ពេលនេះបានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើឲ្យយើងចៀសផុតនៃការឆ្លងជំងឺកូវីដ-១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឲ្យស្លាប់ទេ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។
ឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀបកន្លងថ្មីក្នុងសម័យកូវីដ១៩ នេះ។ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ៕








































