ផ្សារសិរីសោភ័ណនឹងបើកលក់វិញ បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់ល្អគ្រប់ទីកន្លែង និងយកសំណាកអាជីវករលើកទី២ រួចរាល់

0

ខេត្តបន្ទាយមានជ័យ៖ ផ្សារសិរីសោភ័ណដែល បានបិទកន្លងមក គឺត្រូវតែរៀបចំសណ្តាប់ធ្នាប់ អនាម័ឲ្យបានស្អាតត្រឹមត្រូវ ហើយចំពោះបងប្អូនអាជីវករត្រូវមកយក សំណាកលើកទី២ឲ្យបានរួចរាល់គ្រប់គ្នា អនុវត្តតាមលក្ខខណ្ឌដែលរដ្ឋបាលខេត្តបានចេញ ទើបអនុញ្ញាតឲ្យបើកដំណើរការលក់ដូរ ឡើងវិញបាន នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មាន នៅថ្ងៃទី២៧ ខែសីហានេះ។

ឯកឧត្ដម អ៊ុ រាត្រី បានបញ្ជាក់ទៀតថា បងប្អូនអាជីវករទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អប្រសើរ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ណែនាំដើម្បី ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសុវត្ថិភាពទាំងអស់គ្នាផងដែរ។ ក្នុងនោះដើម្បីបើកឲ្យផ្សារសិរីសោភ័ណលក់វិញបានត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការរៀបចំគ្រប់គ្រងផ្សារជាមុនសិន។ ក្នុងនោះលក្ខខណ្ឌមួយចំនួន ចំពោះបងប្អូនអាជីវករ ដើម្បីអាចចូលទៅបើកលក់ដូរវិញបាន លុះត្រាអាជីវករមានប័ណ្ណចាក់វ៉ាក់សាំងរួចពីរដង, អាជីវករទាំងអស់ត្រូវយក សំណាករកមេរោគកូវីដ-១៩ តាមការចាំបាច់ស្របតាមការជូនដំណឹងរបស់អ្នកគ្រប់គ្រងផ្សារ ឬអាជ្ញាធរមូលដ្ឋាន, ក្នុងផ្សារត្រូវបាញ់ថ្នាំអាកុលសម្លាប់មេរោគរាល់សប្តាហ៍ ហើយករណីមានបុគ្គលណាមានអាការៈសង្ស័យ ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកភ្លាម។

ឯកឧត្តមអភិបាលខេត្ត បញញចាក់បន្ថែមថា អាជីវករទាំងអស់ត្រូវរៀបចំតូបរបស់ខ្លួនឲ្យមានលក្ខណៈស្រឡះទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ និងរៀបចំដាក់ឲ្យមានរបៀបរៀបរយ មានអាកុលពាក់ម៉ាស់ និងមិនអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាឡើយ។ ចំណែកអ្នកមកទិញឥវ៉ាន់ ឬអតិថិជនត្រូវតែតម្រង់ជួរ ដោយរក្សាគម្លាតឲ្យបាន ១,៥ ម៉ែត្រពីគ្នា ប្រសិនបើម្ចាស់តូបមិនអនុវត្តតាមការណែនាំនេះ ឬមិនធ្វើតាមការណែនាំរបស់គណៈគ្រប់គ្រងផ្សារម្ចាស់ផ្សារ ឬមន្ត្រីមានសមត្ថកិច្ច ដោយរកឃើញថា អាជីវករណាមិនធ្វើតាមមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគកូវីដ-១៩ នឹងត្រូវផ្អាកមិនឲ្យប្រកបអាជីវកម្មនៅក្នុងផ្សារនេះបន្តទៀតឡើយ ចំពោះអ្នកគ្រប់គ្រងផ្សារ ត្រូវទទួលខុសត្រូវ និងធានាបាននូវការអនុវត្តការណែនាំនេះឲ្យមានប្រសិទ្ធភាព៕