ខេត្តកំពត៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំងសមត្ថកិច្ចក្នុងខេត្តកំពត បានអញ្ជើញអមដំណើរ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់ខេត្តកំពត។ ពិសេសបន្តចាក់ជូនដល់កុមារ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ និងប្រជាពលរដ្ឋទូទៅដោយមិនគិតការនឿយហត់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
ឯកឧត្តមបានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្ដេចទាំងទ្វេតែងតែ គិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅព្រមទាំងសុខមាលភាព អាយុជីវិតប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសក្នុងបរិបទកូវីដ-១៩ ដ៏សែនលំបាកនេះ ក្រៅពីការដាក់ចេញនូវ វិធានការ ចំណាត់ការ បទបញ្ជាក៏ដូចជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាល់ជងឺកូវីដ-១៩។ សម្តេចតេជោបានខិតខំប្រើអស់លទ្ធភាពគ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋតាមគោលការណ៍ស្ម័គ្រចិត្តឲ្យបានគ្រប់គ្នា ពិសេសក្នុងពេលនេះបន្តការចាក់ជូនដល់កុមារ និងយុវវ័យ និងប្រជាពលរដ្ឋទូទៅដើម្បីកាត់ផ្ដាច់នូវការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ នៅក្នុងគោលដៅទៅមុខនឹងបើកសាលារៀនជូនដល់កុមារ និងយុវវ័យឲ្យបានចូលរៀនឡើងវិញទាំងអស់គ្នាផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវ ដល់ពលរដ្ឋទូទៅ ពិសេសឪពុកម្ដាយ អាណាព្យាបាល សូមបញ្ជូនកុមារ និងយុវវ័យទាំងអស់មកទទួលឲ្យបានគ្រប់គ្នាទាំងអស់។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងហើយក្ដី ក៏សូមឲ្យបន្តអនុវត្តតាមវិធានសុខាភិបាល ពិសេស ៣ការពារ និង៣កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ នៅតាមសហគមន៍ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕








































