សាខាកាកបាទក្រហមខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនស្ត្រីរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ នៅស្រុកស្ទឹងត្រង់

0

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនស្ត្រីឈ្មោះ ញ៉ សុខគា អាយុ៣៩ឆ្នាំ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ២ខ្នង កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការ ពូជសាសន៍ សាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ជួយសម្រាលទុក្ខលំបាកជនរងគ្រោះទាន់ពេលវេលា។

ជាមួយគ្នានោះលោកជំទាវ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣កុំ ៣ការពារ និង ២ចូលរួម” ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី១កេស, តង់ធំ១, ឃីត១, អាវយឺត៨, សម្ភារៈផ្ទះបាយ, សម្ភារៈដំណេក និងថវិកាចំនួន ១លានរៀល។ ដោយឡែកឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ក៏បានឧបត្ថម្ភថវិកា ១លានរៀល ហើយអនុសាខាស្រុកស្ទឹងត្រង់ បានផ្តល់ជូននូវអង្ករ ៥០គក្រ, មី ១កេស និងថវិកា ១០០,០០០រៀលផងដែរ ៕