មន្រ្តីជំនាញ រកឃើញអាល់កុលក្លែងក្លាយប្រមាណ ២១តោន ដែរនាំចូលខុសច្បាប់មកពីក្រៅប្រទេស

0

ខេត្តតាកែវ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ខេត្តតាកែវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានស្ទាក់ចាប់បានអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ២១តោន ក្នុងភូមិសាស្ត្រស្រុកគីរីវង់ ខេត្តតាកែវ។

បើតាមមន្ត្រីជំនាញបានឲ្យដឹងថា ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី កម្លាំងជំនាញចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះ ត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្តពីសមត្ថកិច្ចពាក់ព័ន្ធ ទើបមន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមជម្រាបថា កាលពីថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១កន្លងទៅ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ខេត្តតាកែវ បានរកឃើញដេប៉ូប្រេងឥន្ធនៈ ៥កន្លែង ដែលប្រកបអាជីវកម្ម មិនអនុលោមតាមច្បាប់ស្តីពី កិច្ចការពារ អ្នកប្រើប្រាស់ និងត្រូវបានចាត់វិធានការពិន័យអន្តរការណ៍ លើម្ចាស់អាជីវកម្មផងដែរ៕