រយៈពេល៣ថ្ងៃ អាជីវករក្នុងផ្សារបឹងត្រកួន ១០៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

0

ខេត្តបន្ទាយមានជ័យ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែកញ្ញាឆ្នាំ២០២១ មានអាជីវករក្នុងផ្សារបឹងត្រកួនដែលឆ្លងពីពលករ និងក្នុងសហគមន៍ បានវិជ្ជមានកូវីដ-១៩ ចំនួន១០៤នាក់។ នេះបើតាមសេចក្តីប្រកាសរបសមន្ទីរពេទ្យបង្អែកថ្មពួក កាលពីល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ។

លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្ស ប្រធានមន្ទីរពេទ្យបង្អែកថ្មពួក បានបញ្ជាក់ថា៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើសំណាកលើបងប្អូនអាជីវករក្នុងផ្សារបឹងត្រកួន ភូមិបន្ទាយមានជ័យ ឃុំគោករមៀត ស្រុកថ្មពួក កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ចំនួន ១២៩នាក់ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០៤នាក់។ បច្ចុប្បន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅតែមានការកើនឡើងជាលំដាប់។ ក្នុងនោះការឆ្លងមានពីពលករខ្មែរវិលពីថៃ និងពីសហគមន៍ គឺអាជីវករលក់បន្លែត្រីក្នុងផ្សារផង។

លោកវេជ្ជបណ្ឌិតបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋ កុំមើលស្រាលជំងឺកូវីដ១៩ឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមអនុវត្តវិធានការបង្ការជាប្រចាំ ជាពិសេសបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ពោល គឺបើទោះបីជាបានទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ ក្រុមគ្រូពេទ្យមិនចង់បានអ្វីទេក្រៅពីសំណូមពរ បងប្អូនសហការជាមួយគ្រូពេទ្យចូលរួមយកសំណាកអោយបានគ្រប់ៗគ្នាៗ៕