ខេត្តព្រៃវែង៖ សកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់កំពុងសំរុកដឹកចេញទាំងយប់ចេញពី ភូមិ ដំណាក់ចារ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ឆ្លងដែនតាមស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈមន្រ្តីជំនាញពាក់ព័ន្ធប្រចាំការនៅច្រក ទ្វេភាគីម៉ឺនជ័យបានអះអាងថា ខ្លួនមិនបានដឹងទាល់តែសោះ។
បើតាមប្រភពច្បាស់ការបានប្រាប់ ឲ្យអ្នកសារព័ត៌មានដឹងថា ការដឹកជញ្ជូនខាងលើនេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធទើបក្រុមឈ្មួញអាចដឹកធ្យូងចេញទៅលក់ នៅប្រទេសវៀតណាមបាន។ សកម្មភាពនេះ គឺបានកើតមានឡើងជាច្រើនខែណាស់មកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តកូរ៉េ រថយន្តសាំយ៉ុងកែឆ្នៃ និងរ៉ឺម៉ក ដឹកធ្យូងមិនក្រោមពី២០ ទៅ ៤០គ្រឿងនោះទេ ក្នុងមួយយប់ៗ តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឫមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីប្រចាំការនៅច្រកព្រំដែនខាងលើចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ។
បញ្ហានេះគឺលោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការប្រចាំច្រកទ្វេភាគីម៉ឺនជ័យ និងមន្រ្តីពាក់ព័ន្ធជាច្រើទៀត កំពុងបើកដៃឲ្យក្រុមឈ្មួញដឹកធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងសកម្ម។ ការមិនបង្ក្រាបនេះ ត្រូវបានក្រុមអ្នកដឹកធ្យូងទាំងនោះអះអាងថា បានបង់លុយឳ្យសមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះ គ្រប់កន្លែងទាំងអស់ហើយបូកទាំងជំនាញ រដ្ឋបាលព្រៃឈើថែមទៀតផង ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលបានឃើញសកម្មភាពនេះមានការងើងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាលោក អ៊ុ ប៉ូល័ក្ខ នឹងមន្រ្តីពាក់ព័ន្ធនៅតាម បន្ទាត់ព្រំដែនច្រកម៉ឺនជ័យ ដែលមានកម្លាំងយាមកាមដាក់ភ្លើងបំភ្លឺយ៉ាងតឹងរឹងបំផុតបែរជាមិនដឹងហើយបន្តឳ្យមានបទល្មើសដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសវៀតណាមខុសច្បាប់បានយ៉ាងរលូនបែបនេះ ពិសេសដោយមិនគិតពីហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការក្តៅគគុកមិនឲ្យមានការឆ្លងដែនទៅមករវៀងប្រទេសជិតខាង ដោយគ្មានលិខិតអនុញ្ញាតនោះឡើយ។
ជាក់ស្តែងនៅយប់ថ្ងៃទី០៣ ខែកញ្ញា វេលាម៉ោង០១ នឹង៥៦នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ មានសកម្មភាពរថយន្តនិងរ៉ូម៉កដឹកជញ្ជូនធ្យូងដោយខុសច្បាប់ ចំនួន ៣០គ្រឿង ចេញពីភូមិដំណាក់ចារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងកាត់ស្រុកកំចាយមារ ខេត្តព្រៃវែង ចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនទ្វេភាគី ម៉ឺន ជ័យ នៅផងដែរ។
ជុំវិញសកម្មភាពនេះ លោក អ៊ុ ប៉ូល័ក្ខ ប្រធានទីស្នាក់ការការពារព្រំដែនច្រកទ្វេភាគីម៉ឺនជ័យ បានឳ្យដឹងថា សព្វថ្ងៃនេះដូចជាមិនដែលឃើញមានបទល្មើសធ្យូងខុសច្បាប់ដឹកឆ្លងកាត់ទៅប្រទេសវៀតណាម តាមច្រករបស់លោកនោះទេ ហើយបើមានលោក និងប្រាប់ថាមានហើយប៉ុន្តែពេលនេះ លោកនៅភ្នំពេញមិនបានដឹងទេ។ ដូច្នេះសូមឯកឧត្តម ជា សុមិទ្ឋិ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មេត្តាចាត់វិធានការឲ្យបានទាន់ពេលវេលាទៅលើមន្រ្តីគ្រាប់ល្ពៅ ទទួលសំណូក សូកប៉ាន់ កន្ទេលធំ បន្លំដេក ចាំទទួលលាភសក្ការៈដូច្នេះ ដើម្បីចូលរួមទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាលកម្ពុជា កម្ចាត់ការរីករាលដាលដ៏កាចសាហាវនៃការឆ្លងជម្ងឺកូវីដ១៩ ឲ្យចាកផុតពីប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខផងចុះ៕








































