ខេត្តតាកែវ៖ នោព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យការយកសំណាកបងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យកងកម្លាំងនគរបាល ដែលកំពុងឈរជើងប្រចាំបញ្ជា ក្នុងតំបន់បិទខ្ទប់ផ្សារត្រាំកក់ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ជាមួយនោះក្រុមគ្រូពេទ្យបានយកសំណាកលើអាជីវករលក់ដូរ និងប្រជាពលរដ្ឋ ជុំវិញផ្សារត្រាំកក់ចំនួន ៥០០នាក់ ជាលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៣នាក់ ហើយក្រុមគ្រូពេទ្យកំពុងបន្តយកវត្ថុសំណាកបន្ថែមទៀត ទៅលើប្រជាពលរដ្ឋស្ថិតនៅផ្សារត្រាំកក់ ក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
នាឱកាសឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំ ការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីរការយកចិត្តទុកដាក់នូវសុខទុក្ខរបស់បងប្អូនពលរដ្ឋ នៅគ្រប់ទីកន្លែង។ ឯកឧត្តមក៏បាននាំយកសម្ភារៈឧបត្ថម្ភមួយចំនួនរបស់ឯកឧត្តម នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី ដែលកំពុងឈរ ជើងប្រចាំការនៅតំបន់បិទខ្ទប់ជុំវិញផ្សារត្រាំកក់ ដោយក្នុងរួមមាន៖ មីចំនួន ៤០កេស ទឹកសុទ្ធចំនួន ១៥កេស ម៉ាស់ចំនួន ៣០ប្រអប់ អាល់កុល ៦០លីត្រ ទុកសម្រាប់ធ្វើការបែង ចែកប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយនោះឯកឧត្តមឧត្តមសេនីយ៍ទោ ក៏បានធ្វើការណែនាំ ផ្តាំផ្ញើនិងជម្រុញដល់កម្លាំងឈរជើងប្រចាំការ ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺកូវីដ-១៩ និងកូវីដ១៩ បំលែងខ្លួនថ្មី (Delta) ដោយត្រូវអនុវត្តលាងដៃជាមួយអាល់កុល ឬពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសត្រូវចូលរួមអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល នឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង នូវវិធានការ ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ ៕








































