ខេត្តកំពង់ធំ៖ កំណើននៃទឹកស្ទឹងសែន មានប្រភពហូរមកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកសណ្តាន់ និងទីរួមខេត្តកំពង់ធំ ហូរធ្លាក់ទៅបឹងទន្លេសាប ជារៀងរាល់ឆ្នាំទាល់តែទឹកបឹងទន្លេសាបឡើងច្រាលមកវិញ ទើបបង្ករឲ្យមានទឹកជំនន់ ទី២ក្នុងករណីភ្លៀងធ្លាក់ញឹកញាប់ នៅខេត្តព្រះវិហារ និងនៅតាមបណ្តាស្រុកក៏អាចបង្ករឲ្យទឹកជំនន់នៅផ្នែកខាងលើ ដោយសារការហូរចូលបឹងទន្លេសាបមិនទាន់ បង្ករឲ្យទឹកជន់ប៉ែកខាងលើនៃថ្នល់ជាតិលេខ៦។
បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់គ្នាជាច្រើនថ្ងៃ បណ្តាលឲ្យទឹកតាមដងស្ទឹងសែនបានដង្ហក់ឡើង គួរឲ្យមានការព្រួយបារណ៍ ពីសុវត្តិភាពប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អាចនិងមានទឹកជំនន់លិចលង់ ប៉ះពាល់ដល់សត្វគោ ក្របី ដំណាំបន្លែបង្កា នានាៗជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
លោកយោ ឡា ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ថាកំរិតទឹកស្ទឹងសែនក្នុងព្រឹកនេះបានស្រកចុះនៅកំរិត១៣.៣៥ម ខណៈកំរិតប្រកាសអាសន្ន១៣.៥០ ចំពោះការលិចលង់ស្រូវសែ្រប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ គឺនៅពុំទាន់មាននៅឡើយទេ ដោយសារបងប្អូនប្រជាកសិករ គាត់បានប្រមូលផលរួចរាល់អស់ហើយ ទើបពុំបានធ្វើឲ្យមានផលប៉ះពាល់ដំណាំស្រូវរបស់ពួកគាត់ ក្នុងនោះក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ននិងទឹកជំនន់ ព្រោះអាចនិងមានទឹកជំនន់បានបើកាលណាមានភ្លើងធ្លាក់ច្រើន។
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានឲ្យដឹងពីរបាយការណ៍នៅថ្ងៃទី២០ ខែកញ្ញាកន្លងមក ផ្ទៃដីប៉ះពាល់និងខូចខាតដោយសារជំនន់ទឹកភ្លៀងសរុប ២៥១ហិចតា ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោគចំនួន ២១១ហិចតា ឃុំត្នោតជុំ ស្រុកបារាយណ៍ចំនួន៤០ហិចតា ខូចខាតដោយទឹកជំនន់ទឹកភ្លៀងសរុប ១៤ហិចតា នៅឃុំទ្រៀល ស្រុកតាំងគោគ ខេត្តកំពង់ធំ។
រីឯកម្លាំងអន្តរាគមន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកម្លំាង១៥០នាក់ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រមូលផ្តុំកម្លាំងដើម្បីត្រៀមចេញជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ក្រោមការណែនាំចង្អុលបង្ហាញពី ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឲ្យត្រៀមចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលលាក្នុងករណីមានគ្រោះមហន្តរាយ៕








































