ខេត្តបន្ទាយមានជ័យ៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់អភិវឌ្ឍន៍ តេជោ ឈ្នះ ឈ្នះ បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកទល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកបានស្រកស្រុងចុះហើយ បន្ទាប់ពីក្រុមការងារក្រោយកាយបើកមុខទឹកត្រង់ស្ពានប្រដឹសឈើនាជ្រលងអូរ ចម្ងាយប្រមាណ ១គីឡូម៉ែត្រពីផ្លូវជាតិលេខ៥៩ អោយមានប្រវែងរង្វះ១០ម៉ែត្រ។ ចំពោះការធ្វើដំណើរចេញចូលភូមិនេះ មិនមានរាំងស្ទះទេ ត្បិតត្រូវធ្វើតាមផ្លូវចាស់ពីភូមិទួលប្រាសាទឃុំទួលពង្រដូចពីមុន ។
លោក សុខ ពេញណន អភិបាលរងស្រុកម៉ាឡៃ ដែលប្រចាំការនៅទីតាំងផ្ទាល់បានឲ្យដឹងថា ចំពោះមុខក្រុមការងារដែលដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលទទួលដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងជង្រុក-៦៧១ និងប្រែក្លាយជាតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោ ឈ្នះ ឈ្នះ សហការនឹងអាជ្ញាធរដែនដី កងកម្លាំងចម្រុះ និងមន្ទីរធនធានទឺកកំពុងដោះស្រាយបន្ធូរបង្ហូរទឹកកុំអោយលិចលង់ទីធ្លា និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ តមកនឹងសិក្សានូវកសាងទ្វារទឹកឬទំនប់បង្ហៀរត្រង់ជ្រលងអូរដែលបានដាក់លូនិងសង់ស្ពានឈើបណ្តោះអាសន្ននោះ។ ក្នុងនោះ ក៏បាននឹងកំពុងជួសជុលស្ពានទី២ នៅចំនូចបឹងខ្យងផងដែរ។
បើតាមលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា តំបន់បឹងជង្រុកមានសណ្ឋានជាបឹងបាតខ្ទះ ហើយចាផ្ទៃរងទឹកភ្លៀងនិងទឹកជំនន់ធម្មជាតិជាប្រចាំ។ ប៉ុន្តែកន្លងមក វាហាក់ដូចជាទឹកជំនន់មិនប៉ះពាល់អីព្រោះជាដីវាលស្រែខ្លះនិងព្រៃឈើសេសសល់ខ្លះ។ លុះដល់មានការអភិវឌ្ឍន័ កសាងហេដ្ឋារចនាសម្ព័ន្ធ ហើយទំនងជាមិនបានអោយគ្រប់ជំនាញសិក្សាពីផលប៉ះពាល់នៃគ្រោះធម្មជាតិ ទើបរងគ្រោះដោយទឹកជំនន់បែបនេះ។ លោកបន្តថា ដូចជានៅត្រង់ជ្រលងអូរ (តពីអូរដូនសំ) ដែលត្រូវទឹកបុកដាច់នោះ មកពីការដាក់លូតិចមុខកាត់តូច ពោលគឺ គេគួរតែសង់ជាដាឡូឬស្ពានទើបបញ្ជៀសបាននូវទឹកជំនន់ ពិសេសជំនន់ផ្លេកបន្ទោរជាយថាហេតុ។ ទោះជាយ៉ាងណាគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងជាបន្តបន្ទាប់កន្លងនៅតំបន់បឹងជង្រុកនេះ មិនបង្កខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សឡើយ ព្រោះទីនោះទទួលការអន្តរាគមន៍ដោះស្រាយឆ្លើយតបជាពិសេសខុសពីកន្លែងផ្សេងៗ។
សូមបញ្ជាក់ថា បឹងជង្រុក គឺជាបឹងដែលទទួលផ្ទៃរងទឹកភ្លៀង ឬជំនន់ពីប្រភព៣ គឺទី១.ពីអូរដូនសំនៃភ្នំយាយសំ ស្រុកម៉ាឡៃ, ទី២.ពីតំបន់ខ្ពង់រាបខ្លាងាប់នៃប្រជុំកូនភ្នំម៉ាឡៃស្រុកម៉ាឡៃ និងទី៣.ពីតំបន់អូរខៃដននិងព្រំដែនថៃ ភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ជាមួយនោះ ឯកឧត្តមឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ធការល័យសម្ដេចតេជោ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង រួមនឹងអាជ្ញាធរស្រុក កងកម្លាំងចម្រុះបានអញ្ជើញចុះត្រួតពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោ ឈ្នះឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលពីស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្តតំបន់នេះ។ ប៉ុន្តែដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ នៃក្រុមកូនភ្នំម៉ាឡៃ បានបង្កឱ្យភូមិបឹងជង្រុក ទទួលរងការជន់លិចទីធ្លា និងក្នុងផ្ទះជាប់ដីប្រជាពលរដ្ឋប្រមាណ ៨៧៣ខ្នងផ្ទះ។ ក្នុងរយៈពេលជាងមួយសប្តាហ៍ ក្រុមការងារចម្រុះបានខិតខំប្រឹងប្រែងប្រចាំបញ្ជាពេញ ២៤ម៉ោងនៅគោលដៅ និងបា រៀបចំធ្វើស្ពានឈើបណ្តោះអាសន្ន ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ និងបានរំដោះមុខទឹក និងរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋរងផលប៉ះពាល់៕

ដោយ៖ លោក ឃិន គន្ធា







































