យោងតាមសារសម្លេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានស្នើដល់ក្រសួងសុខាភិបាល ក្រសួងធម្មការ និងគណៈសង្ឃ ក៏ដូចជាគណៈកម្មការវត្ត ពិចារណា ផ្អាកពិធីកាន់បិណ្ឌ ដោយសារតែករណីឆ្លងជាបន្តបន្តាប់។
សម្ដេចតេជោ បានបង្ហាញការព្រួយបារម្ភពីករណីឆ្លងកាន់តែធ្ងន់ធ្ងរ នាអំឡុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន លើកទឹកចិត្តដល់ព្រះចៅអធិការតាមបណ្តាវត្តអារាម មានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាលកូវីដ-១៩។
ក្នុងករណីមិនផ្អាកបាន សម្តេចបានស្នើឲ្យមានចំណាត់ការឲ្យបានច្បាស់លាស់ ជាពិសេសការកំណត់ចំនួនមនុស្ស និងអនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ៕







































