ក្រុមការងារចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ នាំសម្ភារ:ជាគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ

0

ខេត្តតាកែវ៖ តាមការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ តំណាងឲ្យលោក កែវ វ៉ាន្នី ប្រធានចលនាយុជន កម្ពុជាក្រុម ១៥៧ សាខាខេត្ត ដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនលោកយាយ ប៉ុក លូញ អាយុ៨៤ ឆ្នាំ និងរស់នៅជាមួយចៅប្រុស ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយរុំារ៉ៃ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រស់នៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោក អេង ប៉ជាក ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក គោរពស្រលាញ់ពីរចំងាយពីរសំណាក់លោក ម៉ឹង ពន្លក និងលោក កែវ វ៉ាន្នី មកធ្វើការជំរាបជូនគ្រួសារលោកយាយ ប៉ុក លូញ ថាទោះបីថ្ងៃនេះលោកមិនបានអញ្ជើញមកផ្ទាល់ជាមួយបងប្អូនទាំងអស់ គ្នាដែលកំពុងជួបបញ្ហាខ្វះខាតយ៉ាងណាក៏ដោយក្តី ក៏លោកបានចាត់អោយក្រុមការងារតាមបណ្តាខេត្តនីមួយៗ ចុះទៅជួបនិងជួយដល់បងប្អូនឲ្យបានទាន់ពេលវេលា ដោយមិនទុក្ខឲ្យបងប្អូនណាម្នាក់ ជួបបញ្ហាខ្វះខាតហើយស្លាប់ដោយសារអត់អាហារនោះឡើយ ។

លោក អេង ប៉ជាក ក៏បានធ្វើការណែនាំផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នូវវិធាន ការ៣កុំ និង៣ការពារ អោយបានខ្ជាប់ខ្ជួនត្រឹមត្រូវបន្តទៀត ដើម្បីខ្លួនយើង គ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺកូវីដ-១៩ ក៏ដូចជាមេរោគបំលែងខ្លួនថ្មី។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូនលោកយាយខាងលើរួមមាន ៖ អង្គរ ៥០គីឡូ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ប៊ីជេង ១កញ្ចប់ ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស មី ១កេស អំបិល ១គីឡូ ខ្ទឹមសរ ១គីឡូ ស្ករសរ ១គីឡូ រួមនិងថវិកា ១០០,០០០រៀលផងដែរ ៕