ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

0

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ក្រោមវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលខេត្តត្បូងឃ្មុំ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖ ទី១.អាយុ០៦-ក្រោម១២ឆ្នាំ ចំនួន៨៧,៨៣៨នាក់, ទី២.អាយុ១២-ក្រោម១៨ឆ្នាំ ចំនួន១០១,៦៥០នាក់, ទី៣.អាយុ១៨ឆ្នាំឡើង ចំនួន៥១៨,១៣០នាក់ ក្នុងនោះ ចាក់បានដូសទី១ ចំនួន៥៧៣,០៣៩ ស្មើនឹង ៨០,៩៨%, ចាក់បានដូសទី២ ចំនួន៣២២,៣០១ ស្មើនឹង ៤៥,៥៥% និងចាក់បានដូសទី៣ ចំនួន១៦,៣៥៣ ស្មើនឹង២, ៣១%។

ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញជំហយ៉ាងមុតមាំ ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យអស់ពីលទ្ធភាព ដោយឡែកទីតាំងចត្តាឡីស័ក ក៏បានត្រៀមទុកមុនជាស្រេចបន្ថែមទៀត ពិសេសទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បានឲ្យក្រុមគ្រូពេទ្យបន្តកិច្ចការងារនេះ ទាំងថ្ងៃទាំងយប់ រួមទាំងសម្ភារបរិក្ខារពេទ្យ ឲ្យមានគ្រប់គ្រាន់ផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបាន ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ លោកជំទាវ បានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ-១៩ នោះទេពោល គឺនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ដើម្បីការពារខ្លួនយើង។

លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង៕