ខេត្តបន្ទាយមានជ័យ៖ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលត្រូវពង្រឹងវិធានការការពារ នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងបំលែងថ្មី ដែលតា ព្រមទាំងបានជំរុញគាំទ្រការព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ នៅតាមផ្ទះ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរខេត្តស្រុកក្រុង ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត ជួយដល់ប្រជាពលរដ្ឋយើងក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រង និងព្យាបាល។
បើតាមឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថា ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ច្រើន ព្រមទាំងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតជិត២០០នាក់ ព្រោះថាភាគច្រើននៃការឆ្លងជំងឺកូវីដ-១៩ គឺពលករខ្មែរយើងដែលវិលមកពីប្រទេសថៃ។ ក្នុងនោះគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ ថ្នាក់ខេត្ត សហការជាមួយក្រុមនៃមន្ទីរសុខាភិបាលខេត្ត បានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កចំនួន ២២កន្លែង ទូទាំងខេត្ត និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១១កន្លែង។
ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ ២០ កុម្ភៈ មកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចាប់ផ្ដើមផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ចំនួនវិជ្ជមានសរុប ២៥,៩៨៣នាក់ ស្រី១២,៨១៧នាក់ ក្នុងនោះជនបរទេសចំនួន ១,៧៣៥នាក់ ចំនួនជាសះស្បើយចំនួន ២០,៧៧៦នាក់ ស្រី១០,១២៨នាក់ កំពុងព្យាបាល ៥,៣៤០នាក់ ស្រី២,៨៥៩នាក់ ព្យាបាលនៅតាមផ្ទះ១៩៨ នាក់ស្រី៩៦ នាក់ ចំនួនស្លាប់សរុប ១៩៥នាក់ស្រី ១១០នាក់។
សូមជម្រាបថាក្នុងថ្ងៃដដែលនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង ក៏បានអញ្ជើញពិនិត្យលើស្ថានភាពទឹកជំនន់ និងការឆ្លើយតបចំពោះសុខភាពរបស់ពលរដ្ឋ ដែលឡើងមកស្នាក់នៅទួលសុវត្ថិភាព ក៏ដូចជាពលរដ្ឋដែលរងផលប៉ះពាល់នឹងទឹកជំនន់ និងជំនន់ទឹកភ្លៀងនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។ ក្នុងនោះដែរ ឯកឧត្ដម ក៏បានឧបត្ថម្ភគាំទ្រ និងផ្តល់សម្ភារៈមួយចំនួន រួមទាំងថ្នាំលេបផលិតផលចិនចំនួន ១លានគ្រាប់ ដល់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនអ្នកជំងឺកូវីដ-១៩៕

ដោយ៖ ឃិន គន្ធា







































