អភិបាលខេត្តកំពង់ចាម ផ្តល់ថវិកា និងសម្ភារមួយចំនួន ជូនកងកម្លាំងនគរបាល យោធា និងអាវុធហត្ថខេត្ត ដើម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

0

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំង ៣ប្រភេទ ដែលកន្លងមកតែងតែខិតខំថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងពេលបំពេញការងារ និងពេលនៅផ្ទះផងដែរ។

គួរបញ្ជាក់ថា អំណោយដែលដែលបានផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានថវិកា ចំនួន ១០លានរៀល, ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល ១៥០លីត្រ, កងកម្លាំងយោធាខេត្ត ទទួលបានថវិកា ១០លានរៀល, ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល ១៥០លីត្រ និងកងរាជអាវុធហត្ថខេត្ត ទទួលបានថវិកាចំនួន ១០លានរៀល, ម៉ាស ១ម៉ឺនសន្លឹក និងទឹកអាល់កុលចំនួន ១៥០លីត្រផងដែរ៕