អភិបាលខេត្តកំពង់ចាម ស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគររកដៃគូរបន្ថែម ដើម្បីជួយដល់ការងារអភិវឌ្ឍន៍

0

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យគ្រប់បណ្ដាមូលដ្ឋានទាំងអស់ ត្រូវគៀងគររកដៃគូរបន្ថែម ដែលជាសប្បុរសជន ក្នុង និងក្រៅប្រទេស ដើម្បីជួយដល់ការងារអភិវឌ្ឍន៍របស់យើង ទោះជាក្នុង ឬក្រៅគម្រោងក៏ដោយ សំដៅធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍ នៅតែបន្តជាប់ជារៀងរហូតទោះជាក្នុងដំណាក់កាលកូវីដ-១៩ ។

ឯកឧត្តម លើកឡើងយ៉ាងនេះ ក្នុងឱកាសបើកវេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តក្រុងស្រុក និងឃុំសង្កាត់ តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា វេទិការពិគ្រោះយោបល់ និងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្តក្រុងស្រុក និងឃុំសង្កាត់នាពេលនេះ គឺមានសារសំខាន់ដែលយើងទាំអស់គ្នា ត្រូវធ្វើការពិភាក្សាឲ្យបានល្អិតល្អន់ទៅលើគម្រោងដែលជាអទិភាពសម្រាប់ស្រុកក្រុងឃុំសង្កាត់ ដែលបានស្នើឡើង និងបានឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ ឯឧត្តមក៏បានសំដែង នៅក្ដីសោមនស្សរីករាយ ចំពោះលទ្ធផលដែលបានផ្ដល់ការគាំទ្រ ពីសំណាក់ក្រសួងស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ ដែលបានកំពុងគាំទ្រដល់ការអនុវត្តគោលនយោបាយ វីមជ្ឈការនិងសហវិមជ្ឈការ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខេត្តក្រុងស្រុក និងឃុំសង្កាត់ គឺបានតម្រូវឲ្យមន្ទីរវិស័យអង្គការដៃគូរអភិវឌ្ឍន៍ ជួយគាំទ្រគម្រោងសកម្មភាព ជាអាទិភាព របស់រដ្ឋបាលស្រុកក្រុងឃុំសង្កាត់ ដែលមិនទាន់មានការគាំទ្រសម្រាប់ឆ្នាំ២០២២។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើសុំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ដែលធ្លាប់តែជួយគាំទ្រគម្រោង សូមជួយពិនិត្យឲ្យបានល្អិតល្អន់លើគម្រោង ដែលជាអាទិភាពបម្រើចំទិសដែលជាតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ផងដែរ៕