ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តករណីលួចលាក់រក្សាទុកគ្រឿងញៀនខុសច្បាប់

0

ព្រះវិហារ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានរងការចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទលួចលាក់រក្សាទុក នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោងជាង០៤ រសៀលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ នៅចំណុច UTM 45 1153 1565 139 ស្ថិតនៅក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុហត្តខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើប្រាស់នូវរថយន្តពីគ្រឿង កម្លាំងចំនួន៥នាក់ សហការជាមួយកម្លាំងជំនាញការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨។
ចុះបង្ក្រាបទីតាំងលួចលាក់រក្សាទុក ប្រើប្រាស់ និងចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដែលមានឈ្មោះ ជាតិ ភា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ កំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរ ពុំពិតប្រាកដ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ដែរថា៖ នៅក្នុងហេតុការណ៍ឃាត់ខ្លួនបុរសជាជនសង្ស័យនេះ កម្លាំងក៏បានរកឃើញវត្ថុតាងរួមមាន៖ ០១/ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ទាំងតូចទាំងធំ និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងរៀបចំចងក្រងសំណុំឯកសារ ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការទៅតាមនិត្តិវិធីច្បាប់៕សួនលីណា