កំពង់ធំ៖ ក្បួនរទេះដឹកឈើ ចេញពីព្រៃដូចហែរកឋិន ពុំត្រូវបានសមត្ថកិច្ច ឬស្ថាប័នណា ចាត់វិធានការ បង្ក្រាបនោះទេ ដែលត្រូវបានគេដឹងថា សមត្ថកិច្ចមេព្រៃអសមត្ថភាព ក្នុងការទប់ស្កាត់ ការចូលអាឈើ អាណាធិបតេយ្យ ស្ថិតនៅក្នុង ចំនុចស្នងអន ស្ថិតនៅក្នុង ឃុំ មានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមការអោយដឹងពីម្ចាស់រទេះដឹកឈើ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នមានរទេះដឹកឈើមិនតិចពី ៣០ទៅ ៤០ គ្រឿងនោះទេ តែមុននឹងចេញមកដឹក ត្រូវបានទូរស័ព្ទសុំលោកមេព្រៃ និងប៉ូលិស បរិស្ថាន ប៉េអ៊ឹម និងស្ថាប័ន ដ៍ទៃទៀតអស់ហើយ ដោយមានអ្នករត់ការសមត្ថកិច្ចទាំងអស់ ចំណែកពួកគាត់គ្រាន់តែជាអ្នក ស៊ីឈ្នួលដឹកក្នុងមួយលើក ១៥ម៉ឺនរៀល តែប៉ុណ្ណោះទេ សម្រាប់ឈ្មួញបានអារឈើស្តប់ទុកក្នុងព្រៃ ក្រោយ មកក៏មានអោយពួកគាត់ ជាអ្នកទៅដឹកចេញពីព្រៃ នៅចំនុចស្នងអន ក្បែរភ្នំជី រួចបាននាំយកឈើ មកស្តប់ ទុកនៅក្នុងភូមិ ស្រែព្រីង និងរងចាំរថយន្តមកដឹកចេញនៅពេលយប់ ប្រភពបានបន្តថា នៅពេលដែលរថយន្តរបស់ឈ្មួញ បានចេញមកដឹកនៅ ឈ្មួញបានយកឈើទាំងនេះដាក់ រថយន្តយីឌុប ផ្នែកខាងក្រោម ក្រោយមកក៏រថយន្ត បានទៅដាក់ដំឡូងមីពីលើ ឬស្រូវពីលើ រួចដឹកចេញ មកតាមផ្លូវបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមការអោយដឹងពី លោកតិប ញាតា នាយខណ្ទរដ្ឋបាលព្រៃឈើ កំពង់ធំ បានឲ្យដឹងថា លោករីករាយនិង សហការជាមួយ នឹងអ្នកសារពត៌មាន ដែលបានជួបនិងបទល្មើសព្រៃឈើ សូមអោយខលរកលោកៗនិង ចាត់កំលាំងអោយចុះទៅបង្ក្រាបភ្លាម ដោយមិនអនុញ្ញាតិឲ្យចូលមានការ កាប់រាន្ទព្រៃឈើដោយ អាណាធិបតេយ្យនោះទេ តែងមានការលើកលែង ចំពោះប្រជាពលរដ្ឋណា ដែលមានលំនៅដ្ឋាន ក្បែរព្រៃឈើ មាន បំណង់ចង់សាងសង់ផ្ទះ អាចធ្វើសំណើរស្នើរសុំ កាប់ឈើធ្វើផ្ទះបាន ដោយមានការឯកភាព ពីមេឃុំ អភិបាល ស្រុក និងអភិបាលខេត្ត ព្រមទាំង មានគណៈកម្មការចុះត្រួតពិនិត្យជាក់ស្តែង និងតម្រូវឲ្យកាត់ ឈើដែលកំណត់ឲ្យកាត់ មិនមែនកាត់តាមអំពើចិត្ត ដឹកបួន ដប់រទេះហើយនៅតែមិនគ្រប់នោះទេ ។
ប្រជាពលរដ្ឋបាន សំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័ន ជួយគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ ព្រោះព្រៃឈើកំពុងតែហិនហោចអស់ហើយ បើមិនសមត្ថកិច្ច មិនមានឆន្ទះបង្ក្រាបទេនោះ ព្រៃឈើនិងរលាយ ដោយសារដៃឈ្មួញជាមិនខានឡើយ ចំណែកអ្នកក្រ មិនហ៊ានទៅរកស៊ីដូចឈ្មួញទេ ព្រោះអត់ដើមទុនរត់ការ បង់អោយសមត្ថកិច្ច ។
ដោយ ប៊ុន រដ្ឋា
