រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសហការជា មួយក្រសួងពាក់ព័ន្ធចុះដាំដើមត្នោតនិងដើមឬស្សីជាង៤ពាន់ដើមនៅដីតំបន់៣ ឃុំច្រណូក ក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិ ស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ត្រីរាជការជុំវិញខេត្តសរុបមានគ្នាចំនួន ៥៥០ នាក់ បាននាំគ្នាដាំដើម ត្នោតនិងដើមឫស្សីជាង ៤ ពាន់ដើមទៅលើដីតំបន់៣ នៅក្នុងឃុំច្រណូកស្រុកកំពង់លែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯក ឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង ។នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា ថ្ងៃ នេះយើងបានសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ និងស្ថាប័នសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងសហភាព សហព័ន្ធ យុវជនកម្ពុជាស្រុក និងខេត្ត មន្ត្រីរាជការជុំវិញខេត្ត សិស្សា នុសិស្ស និងកងកម្លាំងប្រដាប់អាវុធបានសហការគ្នាដាំដើមត្នោត និងដើមឬស្សី រាប់ពាន់ដើម នៅលើដីតំបន់ ៣ ដែលរដ្ឋបានដករហូត ដើម្បីរួមគ្នាបង្កើនព្រៃលិចទឹក ថែរក្សាអភិរក្សព្រៃឈើ តែជាជម្រកមច្ឆាជាតិនៅជុំវិញបឹងទន្លេសាបអោយសម្បូរដូចដើមឡើងវិញជាមួយគ្នានេះដែរឯកឧត្តម សូមថ្លែងអំណរគុណដល់កងកម្លាំងនិងយុវជនសិស្សានុសិស្ស ដែលជាសសរទ្រូងនិងជាអ្នកបន្តវេនរបស់ជាតិមាតុភូមិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការដាំដុះដើម ឈើព្រៃលិចទឹកលើកទី២ ក្នុងពេលនេះ ។ឯកឧត្តម បណ្ឌិតបានបន្តថា ចំពោះបទបញ្ជារបស់សម្ដេចតេជោក្នុងការដកហូតដីព្រៃលិចទឹកពីជនខិលខូចដែលបានលួចឈូសឆាយកាន់កាប់ជាកម្មសិទ្ធិនោះ ក្រុមការងារអន្តរក្រសួង និង អាជ្ញាធរខេត្តបានសហការគ្នាចុះប្រតិបត្តិការបានលទ្ធផលយ៉ាងល្អប្រសើរ ដូច្នេះចំពោះអ្នក រឹងរុះមិនព្រមចេញមកសារភាពប្រគល់ដីតំបន់៣ជូនរដ្ឋវិញនោះ សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។

នៅក្នុងពិធីនេះដែរលោកចេង ចាន់ដូណា អភិបាល ស្ដីទី ស្រុកកំពង់ លែងបានរាយការណ៍ឲ្យអង្គពិធីដឹងថា ថ្ងៃនេះរដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តបានសហការជាមួយក្រសួងពាក់ព័ន្ធបានចុះដាំដើមត្នោតចំនួន១០ ដើម  គ្រាប់ត្នោតចំនួន៣ពាន់គ្រាប់និងដាំដើមឬស្សីចំនួន១០០០ ដើមនៅលើដីតំបន់៣ក្នុងឃុំច្រណូកស្រុកកំពង់លែង ជាប់នឹងព្រំប្រទល់ដីតំបន់៣ ខេត្តកំពង់ធំ ។កាលពីថ្ងៃទី 2 ខែធ្នូកន្លងមករដ្ឋបាលខេត្តក៏បានដាំ ដើមឈើព្រៃលិចទឹកចំនួន២០០០ ដើមផងដែរនៅលើដីតំបន់៣ជាង២ពាន់ហិកតាដែលបានដកហូត ។ ទាក់ទងនឹងការអនុវត្តបទបញ្ជារ របស់សម្ដេចតេជោ ជាលទ្ធផលគឺចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ ក្រោមការដឹកនាំនិងបញ្ជារ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងយើងបានប្រើប្រាស់កម្លាំងប្រដាប់អាវុធចម្រុះចំនួន ២១៧ នាក់ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ បានដកហូតដីតំបន់ ៣ ចំនួន ២០៥៨,៥០ ហិកតា ពីនាក់សារភាពចំនួន១៣ នាក់នៅតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង  ក្នុងនោះដែរកម្លាំងចម្រុះយើងបានរុះរើរោងចាំស្រែចំនួន ៥៥ ខ្នង រុះរើបង្គោលបោះលើដីតំបន់៣ បាន ២៥៣ដើមនិងបានលើកផ្លាកប៉ាណូកំណត់ដីតំបន់៣ចំនួន២ផ្លាក ដោយឡែករដ្ឋបាល ស្រុកកំពង់លែង បានទទួលលិខិតសារភាពពីប្រជាពលរដ្ឋ ចំនួន១១ ៥០នាក់ បានសារភាពនិងបានស្ម័គ្រចិត្តប្រគល់ដីតំបន់៣ជូនរដ្ឋវិញជាង៤៦០០ហិកតា ជាមួយគ្នានេះដែរអាជ្ញាធរស្រុកនិងបន្តអប់រំផ្សព្វផ្សាយនូវបទបញ្ជារបស់សម្ដេចតេជោ និងផ្សព្វផ្សាយអំពីច្បាប់នៃតំបន់ព្រៃឈើលិចទឹកដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបនៅគ្រប់មូលដ្ឋានទាំងអស់ ៕ សុខ គឹមសៀន