សៀមរាបកាលពីចុងសប្តាហ៍ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ គណៈប្រតិភូខេត្តដឹកនាំដោយលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត អគ្គនាយករងអាជ្ញាធរអប្សរា ថ្នាក់ដឹកនាំ មន្ទីរ អាជ្ញាធរក្រុង សង្កាត់ បានចុះត្រួតពិនិត្យដី ទីតាំងសម្រាប់សាងសង់អគារសិក្សាវិទ្យាល័យ អនុវិទ្យាល័យមិត្តភាពស៊ូវ៉ុនភ្នំក្រោមស្ថិតនៅភូមិភ្នំក្រោមសង្កាត់សៀមរាបក្រុងខេត្តសៀមរាប ដែលជាអំណោយគម្រោងរបស់ទីក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ជូនដល់កូនចៅប្រជាពលរដ្ឋភូមិភ្នំក្រោម ។ ក្នុង
ដំណើរចុះពិនិត្យនូវទីតាំង សម្រាប់សាងសង់អគារសិក្សាអនុវិទ្យាល័យ វិទ្យាល័យនេះ មានពីរកន្លែង ក្នុងទី តាំងទីមួយមានទីតាំងស្ថិតនៅជើងភ្នំប៉ែកខាងជើងភ្នំមានទំហំ៣ពាន់២៦៦ម៉ែត្រក្រឡាក្នុងទស្សវត្សឆ្នាំ១៩៨០ គឺជាទីតាំងការដ្ឋានរបស់មន្ទីរគមនាគមន៍ខេត្តយកថ្មនិងដីក្រហមយកទៅធ្វើផ្លូវក្នុងក្រុងសៀមរាប ហើយបច្ចុប្បន្ននេះត្រូវបានប្រជាពលរដ្ឋចូលមកសាងសង់លំនៅដ្ឋានរស់នៅ។ ម្យ៉ាងទៀតក្នុងភូមិសាស្ត្រភូមិភ្នំក្រោមនេះស្ថិតនៅក្នុងតំបន់ហាមឃាត់របស់អាជ្ញាធរអប្សរា ធ្វើការអភិរក្សរមណីយដ្ឋានប្រាសាទភ្នំក្រោម ។បន្តមកគណៈប្រតិភូបានទៅពិនិត្យនូវទីតាំងទី២ ដែលស្ថិតនៅខាងត្បូងភ្នំ ដែលជាទីតាំងរបស់កងទ័ពក្នុងទស្សវត្សឆ្នាំ១៩៨០ដែលជាឃ្លាំងស្តុបប្រេងឥន្ធនៈសម្រាប់បម្រើការងារកងទ័ព គ្រប់គ្រង
ដោយក្រសួងការពារជាតិ ។ ក្នុងនោះដែរលោក ឃួន ឃុនាយ អគ្គនាយករងអាជ្ញាធរអប្សរា បានបញ្ជាក់ថា ដើម្បីតម្រូវការចាំបាច់របស់ខេត្ត ក្នុងការបម្រើដល់ប្រជាពលរដ្ឋនៅតំបន់ជាប់បឹងទន្លេសាប លើការកសាងសមត្ថភាព និង បណ្តុះបណ្ទាលធនធានមនុស្ស សម្ខាន់សិស្សានុសិស្សកូនចៅប្រជាពលរដ្ឋ បានចូលសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា។ ក្នុងនោះដែរឯកឧត្តមក៏បាន ឯកភាពទៅតាមសំណើរបស់អាជ្ញាធរខេត្ត ក៏ដូចក្រុមការងាររបស់ទីក្រុងស៊ូវ៉ុន ដែលបានចូលរួមក្នុង
ការកសាងសមត្ថភាព និង ធនធានមនុស្សនៅខេត្តសៀមរាប ។ ម្យ៉ាងទៀតក៏ជាការលើកស្ទួយនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូល ដ្ឋាននេះផងដែរ ។ មានប្រសាសន៍ឱកាសនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការសម្រេចនិងឯកភាពគ្នា យកនូវទីតាំងទីពីរ ដែលស្ថិតនៅ ប៉ែកខាងត្បូងភ្នំ ដែលស្ថិតនៅចន្លោះសាលាឆាន និង ទីកន្លែងសម្មាធិរបស់សីលវន្ត័ សីលវតី ដែលមាន ទំហំប្រមាណជិត២ហិចតា។ក្នុងនោះដែរឯកឧត្តមក៏បានសូមឲ្យបណ្តាមន្ទីរ ដែលពាក់ព័ន្ធនៅក្នុងសមាសភាពរបស់ក្រុមការងារត្រូវធ្វើការសិក្សាស្រាវជ្រាវពីកន្លែងទីតាំងសាងសង់អគារសិក្សា ដោយរួមសហការ
ជាមួយក្រុមការងាររបស់ ទីក្រុងស៊ូវ៉ុន ដើម្បីធ្វើការរៀបចំទីតាំងនេះ ដោយធ្វើការចាក់ដីបំពេញ និង ធ្វើការដាំនូវដើមឈើព្រមទាំងរៀបចំសួនច្បារទីធ្លាកន្លែងកីឡាក្នុងការលើកនូវសោភណ្ឌភាព នូវទីថ្នាលបណ្តុះបណ្តាធនធានមនុស្ស។លោកឃឹមប៊ុនសុងក៏បានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លើកនូវគម្រោងដើម្បីស្ថាបនាផ្លូវជុំវិញជើងភ្នំក្រោម ក្នុងការបម្រើជូនដល់បង ប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្តមើលពីជីវភាពរស់នៅ របស់ប្រជា នេសាទ និង ពេលថ្ងៃរៀបលិច ។ ឱកាសនោះដែរឯកឧត្តមក៏បានជួបជាមួយតំណាងបងប្អូនប្រជាពលរដ្ឋចំនួន ៨១
គ្រួសារ បានមកសុំឲ្យឯកឧត្តម ជួយសម្រួលដោះស្រាយពីបញ្ហាដីធ្លីរបស់ប្រជាជន ជាមួយដីទីតាំងឃ្លាំងប្រេងឥន្ធនៈរបស់កងទ័ព ។ ក្នុងនោះដែរលោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា បញ្ហាដីធ្លីនេះអាជ្ញាធរខេត្ត បានជ្រើសរើសនូវទីតាំងដីសម្រាប់បងប្អូនទៅរស់នៅហើយ តែចំពោះដីធ្លីនៅក្នុងភូមិភ្នំក្រោម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ។ តាមការបញ្ជាក់របស់ក្រុមការងារខេត្ត បានឲ្យដឹងថា អគារសិក្សាដែលនឹងធ្វើការសាងសង់នេះ មាន១ខ្នង កម្ពស់១ជាន់មាន១០
បន្ទប់ធ្វើអំពីថ្មប្រកក្បឿងដែលជាអំណោយរបស់ទីក្រុងស៊ូវ៉ុន ដែលជាសម្ព័ន្ធភាពជាមួយខេត្តសៀមរាប ហើយកន្លងមក ទីក្រុងស៊ូវ៉ុន បានកសាងនូវភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោមផងដែរ ។ បន្តមកឯកឧត្តមអភិបាលខេត្ត បានអញ្ជើញទៅត្រួតពិនិត្យពីការសាងសង់តំបន់អភិវឌ្ឍន៍កំពុងផែស៊ូជីញចុងឃ្នៀស ក្នុងនោះលោកឃឹមប៊ុនសុងក៏បានស្មើសុំដល់ប្រធានក្រុមហ៊ុនកំពុងផែស៊ូជីញ ជួយធ្វើការដឹកដីចាក់បំពេញទីតាំងសម្រាប់សាងសង់អគារ វិទ្យាល័យ អនុវិទ្យាល័យ ស៊ូវ៉ុន ភ្នំក្រោម ផងដែរ ។ ក្នុងនោះលោកប្រធានក្រុម ហ៊ុនស៊ូជីញ ក៏បានទទួលនូវសំណូមពររបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ និង បណ្តុះបណ្តាលនូវធនធានមនុស្ស នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនេះផងដែរ ៕




































