គ្រឹះស្ថានអង្គរបានចាប់ផ្តើមលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ នេះតទៅ

0

សៀមរាប: កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់អនុវត្តលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលមានតម្លៃចំនួន៧ដុល្លារអាម៉េរិក ក្នុងភ្ញៀវទេសចរមួយនាក់ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះទៅ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា សម្រាប់ទូកតូចចំណុះ ៨នាក់ អាចចេញដំណើរបាន លុះត្រាណាមានអ្នកទិញសំបុត្រចាប់ពី៤ឡើងទៅ ខណៈទូកធំចំណុះ ៤៥នាក់ អាចចេញដំណើរបាន លុះត្រាណាមានអ្នកទិញសំបុត្រចាប់ពី៩ឡើងទៅ ។

សូមបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ៕