ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវក្រាលគ្រួសក្រហមជាង ២គីឡូម៉ែត្រកន្លះស្ថិតក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី
ស្រុករលាប្អៀរ ដែលជាចំណុច តំបន់ទេសចរណ៍ ត្រូវបានបើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ dbst
ឲ្យកាន់តែប្រសើរឡើង។
ពិធីបើកការដ្ឋានសាងសង់និងពង្រីកផ្លូវខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនាឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងព្រម ទាំងមាន
ការចូលរួមពីមន្រ្តីរាជការនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាដោយសារតែភូមិសាស្ត្រក្នុងភូមិអណ្ដូងឫស្សី
ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ ដ៏សំខាន់ព្រោះតែនៅតំបន់នេះយើងបានបង្កើត
ឲ្យមានសហគមន៍ទេសចរណ៍ ស្មូនឆ្នាំង ដែលមានភ្ញៀវបរទេសចូលមកលេងកម្សាន្តយ៉ាងច្រើនជាប្រចាំ គ្រាន់តែមានការអន់ថយនៅពេលដែលមានជំងឺកូវីតផ្ទុះឡើង តែប៉ុណ្ណោះ។សង្ឃឹមថាក្រោយពីកូវីដ ស្ងប់ស្ងាត់ភ្ញៀវ បរទេសនឹងមកលេងកម្សាន្តជាច្រើនទៀតជាក់ជាពុំខានឡើយ ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រោយពេលសាងសង់កំណាត់ផ្លូវជាង ២ គីឡូម៉ែត្រកន្លះ ពីផ្លូវក្រាលគ្រួសក្រហម ឲ្យក្លាយជាផ្លូវក្រាលកៅស៊ូ រួចហើយ ឯកឧត្តម នឹងចូលរួមបំពាក់អំពូលភ្លើងសូឡា បំភ្លឺ តាមដងផ្លូវដោយចំណាយទឹកប្រាក់ចំនួនប្រមាណ ១ ម៉ឺនដុល្លារ ដើម្បីឲ្យផ្លូវមួយនេះក្លាយជាផ្លូវដ៏ស្រស់ស្អាតនិងសោភ័ណភាព ព្រមទាំងមានភ្លើងបំភ្លឺនៅពេលយប់ ឲ្យសក្កិសមជាតំបន់ទេសចរណ៍ផងដែរ ។
ជាមួយគ្នាក្នុងការបំពាក់អំពូល ភ្លើងបំភ្លឺតាមផ្លូវថ្មីនៅពេលយប់ នេះដែរ បើបងប្អូនប្រជាពលរដ្ឋ ចង់ទិញអំពូលភ្លើងសូឡាដាក់តាមមុខផ្ទះរៀងៗខ្លួនក៍សូមចូលរួមបដិភាគ តាមលទ្ធភាព ។
ជាចុងក្រោយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវ ដែលបានកសាងរួចរាល់
ហើយ កុំដឹកធ្ងន់លើសចំណុះ និងសូមកុំប្រើកង់គោយន្តកង់ដែក តែបើចង់បើកបរលើផ្លូវ ត្រូវប្ដូរកង់កៅស៊ូ មកជំនួសវិញ ។សូមបងប្អូនចូលរួមថែរក្សាអនាម័យដោយអនុវត្តនូវវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល 3 កុំ 3ការពារ និងសូម អញ្ជើញ ទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-19 ទាំងអស់គ្នា។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការកសាងនិងពង្រីកផ្លូវ ដោយចាក់កៅស៊ូ dbst ទីនៅពេលនេះ មានប្រវែង ២៥៣៥ ម៉ែត្រទទឹង ៦ ម៉ែត្រ រៀបចំខឿនចិញ្ចើមផ្លូវសងខាង ដោយចាក់បេតុងបង្ហូរទឹក ទទឹង ០,៣ ម៉ែត្រ ប្រវែង ៥០៧០ម៉ែត្រផងដែរ។
គួរបញ្ជាក់ដែរថានៅក្នុងពិធីនោះក៏មានការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមចំនួន១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២0kgទឹកត្រី១យួទឹកស៊ីអ៊ីវ ១យួនិងថវិកា ២ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន








































