របួសធ្ងន់២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តនិងម៉ូតូប៉ះទង្គិចគ្នា នៅមុខផ្សារដំណាក់ចង្អើរ

0

ខេត្តកែប៖ មនុស្ស២នាក់បានរងរបួសជាទម្ងន់ ក្នុងហេតុការណ៍ជិះម៉ូតូទៅប៉ះទង្គិចជាមួយរថយន្តប្រភេទបែនដឹកដីខ្នាតធំ ក្នុងទិសដៅស្របគ្នា ដោយឧបទ្ទហេតុនេះ បានកើតឡើងនៅវេលា៧និង៥០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងកើតផ្សារដំណាក់ចង្អើរ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ ផ្តើមឡើងដោយសារភាគីទាំងសងខាងបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្តដឹកដីនៅខាងមុខបត់ឆ្វេង តែចៃដន្យស្រាប់តែម៉ូតូC125 ជែងពីក្រោយរថយន្តមិនបានពិនិត្យពីស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខ គាប់ជួនពេលរថយន្តបត់ឆ្វេង ម៉ូតូភាគីរងគ្រោះបើកទៅបុកចំកង់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យរងរបួសបាក់ជើងទាំងពីរនាក់តែម្តង ហើយម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ភាគីម៉ូតូជិះគ្នា២នាក់សុទ្ធតែជាក្មេង ដែលមានអាយុក្រោម២០ឆ្នាំ ដែលគេដឹងថាធ្វើដំណើរមកពីខេត្តព្រះសីហនុ ប៉ុន្តែពេលនេះមិនទាន់ស្គាល់ឈ្មោះ ខណៈពេលសមត្ថកិច្ចប្រញាប់ប្រញាល់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរភ្លាម សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយយករថយន្តរបស់អធិការដ្ឋាននគរបាលក្រុងកែប ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ៕ សេង ណារិទ្ធ