ខេត្តបាត់ដំបង: នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ នៅបរិវេណជុំវិញផ្សារណាត់ស្ថិតនៅចំកណ្តាល ក្រុងបាត់ដំបង គេសង្គេតឃើញវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះមានកងរាជអាវុធហត្ថ កម្លាំងចរាចរណ៍ និងកម្លាំងព្រហ្មទណ្ឌ បានដាក់រថយន្តសម្រាប់ដឹកជាច្រើនគ្រឿងចុះទៅកាន់ទីតាំងខាងលើ។
គួរបញ្ជាក់ថា កាលពីអំឡូងចុងឆ្នាំ២០២១ កម្លាំងចម្រុះបានចុះវាស់វែង និងអនុញ្ញាតអោយលក់តែលើចិញ្ចើមផ្លូវនៅជុំវិញផ្សារណាត់តែប៉ុណ្ណោះ ដោយមិនអោយលក់ចុះទៅលើសាច់ផ្លូវឡើយ ដែលជាបញ្ហាបង្កអោយមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ។
ការរៀបចំកាលណោះ អាជីវករក៏បានឯកភាពគ្នាយ៉ាងរលូនម្តងហើយ ប៉ុន្តែមួយរយ:ក្រោយមក ក៏ស្រាប់តែវិលចូលសភាពដើមវិញដដែល ដោយមិនត្រឹមតែធ្លាក់ចូលទៅលើផ្លូវបន្តិចបន្ទួចប៉ុណ្ណោះទេ គឺហៀរសឹងតែពាក់កណ្តាលទ្រូងផ្លូវ ដែលបង្កអោយមានបញ្ហាកាន់តែធំជាងមុន។
ក្រោយពីសង្គេតឃើញបែបនេះ លោកអភិបាលក្រុង ផេង សិទ្ធី បានដាក់កម្លាំងចុះម្តងទៀត ដោយសម្ភារ:ណាដែលដាក់ចោលនៅលើទ្រូងផ្លូវត្រូវលើកដាក់រថយន្តទាំងអស់ ដើម្បីអោយម្ចាស់ចូលខ្លួន ទៅតាមផ្លូវច្បាប់ជុំវិញករណីមិនរាងចាល។
លោកអភិបាលក្រុងបានបញ្ជាក់យ៉ាងខ្លីថា ត្រូវតែប្រើធម៌ក្តៅ ព្រោះអាជីវករទាំងនេះហាក់ដូចជាមិនព្រមស្តាប់ទាល់តែសោះ ដូច្នេះត្រូវតែដកហូតយកទំនិញឬសម្ភារ:ណាដែលលក់ផ្គើននៅលើទ្រូងផ្លូវ ហើយលោកក៏បានចាត់ក្រុមរថយន្តពន្លត់អគ្គីភ័យ អោយចុះមកជួយបាញ់សម្អាតផ្លូវជុំវិញបរិវឹណផ្សារនេះផង ៕ អត្ថបទ : ព្រាប.ស








































