កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែងថា យើងទាំងអស់គ្នា ត្រូវបន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យ មានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យ ខណៈ ក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបានល្អ ។
ការ ថ្លែង បែប នេះ ក្នុង ឱកាសបើក អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីកឡេីង ថា កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដោយមានការ សហការ ចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត បាន បន្ត ថា ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដូចជា បញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបល្បែងស៊ីសង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការដោះស្រាយជម្លោះដីធ្លីនៅមូលដ្ឋាន ការអនុវត្តដំណើរការ នៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិ ដែលកើតមាននៅក្នុងខេត្ត រួមនឹងការអនុវត្តវិធានការ បទបញ្ជានានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ អាជ្ញាធរ មូលដ្ឋាន រួមនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ និងចាត់វិធានការបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរ មូលដ្ឋាន ដែលបានធ្វើការប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើ ឲ្យ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលនាពេលកន្លងមក ៕








































