កំពង់ឆ្នាំង: គ្រូពេទ្យឯកជនម្នាក់និងភរិយា ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការនាំខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាន
នគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២២ ខែមីនាឆ្នាំ ២០២២ ពាក់ព័ន្ធនឹងករណី ដែលចោទប្រកាន់ថា៖បានចាក់ថ្នាំកុមារីអាយុ ៩ ឆ្នាំម្នាក់ បណ្ដាលឱ្យស្វិតជើងមួយចំហៀង។
ជុំវិញការឃាត់ខ្លួនគ្រូពេទ្យឯកជន
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២២ មានបណ្ដាញសង្គមមួយឈ្មោះ(ទឹកផុស ស្រុកខ្ញុំ) ដែលសមត្ថកិច្ចនគរបាល បញ្ជាក់ថាជាឪពុកកុមារី រងគ្រោះបានសរសេរថា៖ (ពីក្មេងស្រីរាងកាយរឹងមាំក្លាយទៅជាក្មេងស្រីពិការ ដោយសារតែពេទ្យគ្មានវិជ្ជាជីវៈច្បាស់លាស់ ចេះតៗគ្នាទើបកូនរបស់ខ្ញុំក្លាយទៅជាបែបនេះ)ជាងកន្លះឆ្នាំមកហើយដែលខ្ញុំទ្រាំទាំងឈឺចាប់ ដោយគ្មានការដោះស្រាយពីពេទ្យមួយកន្លែងនៅផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្នុងនាមជាឪពុករបស់ក្មេងស្រី សូមជម្រាបជូនបងប្អូនទាំងអស់គ្នា នូវខ្លឹមសារដូចខាងក្រោម៖ ដំបូងកូនស្រីខ្ញុំគ្រាន់តែមានអាការៈឈឺក្បាលធម្មតា ហើយក៏យកទៅពេទ្យឯកជនមួយកន្លែង ឈ្មោះ សូ សាវឿន ដែលមានទីតាំងនៅផ្សាររមាស ស្រុកទឹកផុស ពេលទៅដល់
គឺជួបប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន ឈ្មោះគឹម គាត់បានព្យាបាលកូនស្រីខ្ញុំ ការព្យាបាលបានមួយថ្ងៃ ក៏ត្រឡប់មកផ្ទះវិញ ។
លុះស្អែកឡើង កូនស្រីខ្ញុំបានជាធម្មតាក៏ត្រឡប់ទៅគិតលុយនៅផ្ទះពេទ្យ សូ សារឿន វិញ ប៉ុន្តែស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់គ្រូពេទ្យ សូ សារឿន បានសុំចាក់ថ្នាំផ្ដាច់ ទាំងដែលកូនខ្ញុំប្រាប់ថា បានជាហើយក៍ដោយ តែឈ្មោះគឹម នៅតែចាក់ថ្នាំ ត្រង់ត្រគាក កូនស្រីខ្ញុំ ត្រូវសរសៃ ទើបធ្វើឱ្យជើងកូនរបស់ខ្ញុំកន្ត្រាក់ខ្លាំងៗ ហើយចាប់ផ្ដើមហើមនិងស្ពឹកមួយចំហៀងខ្លួននិងពិការរហូតមក។
ជុំវិញករណីខាងលើនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ក្រោយពេលមានការផុសក្នុងបណ្ដាញសង្គមបែបនេះ លោកវិជ្ជបណ្ឌិត បានចាត់ឲ្យមន្ត្រីជំនាញចុះទៅសម្របសម្រួល រវាងភាគីគ្រូពេទ្យ លោកសូ សារឿន និងភាគីកុមារី ដែលអះអាងថារងគ្រោះដោយ សារការចាក់ថ្នាំ ដើម្បីបញ្ចប់រឿង ។
ប៉ុន្តែការសម្របសម្រួលមិនបានលទ្ធផលឡើយ ដោយភាគី លោកគ្រូពេទ្យ សូ សារឿន នៅតែប្រកាន់ជំហរថា ជើងកុមារីឈ្មោះភីន ស្រីណែត អាយុ9 ឆ្នាំ មិនពិការដោយសារការចាប់ថ្នាំពីកន្លែងព្យាបាលគាត់ឡើយ ។មិនត្រឹមតែប៉ុណ្ណឹងលោក គ្រូពេទ្យ សូ សារឿន បានដាក់ពាក្យប្តឹងទៅម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ )ទៅវិញធ្វើឲ្យរឿងនេះកាន់តែវែងឆ្ងាយ ចំពោះទីតាំងព្យាបាលរបស់លោកគ្រូពេទ្យ សូ សារឿន លោកបានឱ្យមន្ត្រីចុះពិនិត្យហើយ បើអាជ្ញាបណ្ឌ័ផុតសុពលភាព ឬគ្មានច្បាប់នឹងបិទកន្លែងព្យាបាលនោះតែម្តង។
ជុំវិញករណីនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពី លោកគ្រូពេទ្យ សូ សារឿន បានទេ ប៉ុន្តែយោងតាមពាក្យបណ្ដឹងរបស់លោក សូ សាវឿន អាយុ៦២ ឆ្នាំ មានមុខតំណែងប្រធានសុខាភិបាលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង មានទីលំនៅផ្សារ រមាស ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសបានលើកឡើងថា៖ ម្ចាស់ផេកឈ្មោះ (ទឹកផុស ស្រុកខ្ញុំ) បានបរិហារកេរ្តិ៍ ខ្ញុំថា៖បានព្យាបាលក្មួយស្រីភីន ស្រីណែត អាយុ៩ឆ្នាំ ជាសាធារណៈ ដោយគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ ។
មិនត្រឹមប៉ុណ្ណឹង បានលួចថតដោយលក្ខខណ្ឌមិនត្រឹមត្រូវបង្ហោះផ្សាយជាសាធារណៈ ដើម្បីបរិហាកេរ្តិ៍បង្ខូចកិត្តិយសរបស់ក្រុមគ្រួសារខ្ញុំនឹងអាជីវកម្មខ្ញុំ ចំពោះជម្ងឺក្មួយស្រីបានទៅព្យាបាលច្រើនកន្លែង មានទាំងមន្ទីរពេទ្យជ័យវរ្ម័នទី 7 គន្ធបុប្ផាខេត្តសៀមរាប ជាដើម ដែល
តាមលក្ខណៈបច្ចេកទេសលទ្ធផលបានបញ្ជាក់ថាៈ ដោយសាររបេងសាច់ដុំ (Tubercucolo myositis ) និងនៅពេលថ្មីៗនេះក្នុងអំឡុងថ្ងៃទី១៥ ទី១៦ ខែមីនា ឆ្នាំ២០២២ អ្នកជំងឺនៅទៅបើកថ្នាំព្យាបាលជម្ងឺនេះនៅឡើយ។ ក្នុងពាក្យបណ្តឹង បានស្នើសុំឱ្យម្ចាស់ផេកឈ្មោះ(ទឹកផុសស្រុកខ្ញុំ)លុបការផ្សាយព័ត៌មានមិនពិតនេះចេញ ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខសមត្ថកិច្ច បើ
ពុំនោះទេនឹងសុំចាត់ការតាមផ្លូវច្បាប់។ ដោយឡែក លោក ជិន សុផាត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ក្រោយមានផ្ទុះបាតុភាពបែបនេះ ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកដឹកនាំមន្ត្រីជំនាញ ចុះស្រាវជ្រាវនិងពិនិត្យ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ហើយបានរកឃើញ
ថា៖ការព្យាបាលកុមារីអាយុៈ៩ ឆ្នាំខាងលើ ពិតជាព្យាបាលដោយស្ត្រីឈ្មោះគឹម ដែលត្រូវជាប្រពន្ធរបស់លោកគ្រួពេទ្យ សូ សារឿន ពិតមែន ដែលគាត់គ្មានជំនាញវិជ្ជាជីវៈនោះទេ ទើបសម្រេចនាំខ្លួនទាំង លោកគ្រូពេទ្យ និងប្រពន្ឋ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ
នៃស្នងការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធីបន្ត ។
សូមបញ្ជាក់ដែរថា៖ក្រោយការផ្ទុះបាតុ
ភាពបែបនេះនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះដែរ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បាននាំយកថវិការរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនគ្រួសារកុមារី ភីន ស្រីណែត អាយុ៩ឆ្នាំ ដល់លំនៅដ្ឋានក្នុងភូមិបឹងស្ទេងឃុំខ្លុងពពក ស្រុកទឹកផុស ផងដែរ៕ សុខ គឹមសៀន








































