ស្លាប់៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរ ខណៈរថយន្តព២គ្រឿងនិងម៉ូតូ១គ្រឿងប៉ះទង្គិចគ្នា

0

ខេត្តកែប៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងដំណំ នៅមុខស្ថានីយ៍ប្រេង ត្រង់ចំណុចផ្លូវកោង ខាងកើតរង្វង់មូលសេះស ដោយហេតុការណ៍គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប រវាងម៉ូតូ១គ្រឿង និងរថយន្ត២គ្រឿង។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា ហេតុការណ៍ដ៏ព្រឺព្រួចនេះ ពេលកើតហេតុគ្មានសាក្សីណាម្នាក់បានឃើញផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគេដឹងថារថយន្តម៉ាកនីសាន់ធ្វើដំណើរមកពីកើតទៅលិច ចំណែករថយន្តខ្នាតធំធ្វើដំណើរមកពីលិចទៅកើត ដោយឡែកម៉ូ១គ្រឿងម៉ាកC125 ដែលមានមនុស្សជិះ២នាក់ធ្វើដំណើរមកពីលិចទៅកើត ស្របគ្នាជាមួយរថយន្តខ្នាតធំ ហើយគ្រោះថ្នាក់នេះអាចបណ្តាលមកពីអ្នកបើកបរទាំងអស់មានការធ្វេសប្រហែសដូចគ្នា ទើបមកដល់ចំណុចគ្រោះថ្នាក់ដែលផ្លូវមានសភាពកោងដូចដងនង្គ័ល ធ្វើឱ្យអ្នកបញ្ជាយានយន្តគេចគ្នាមិនផុត ក៏ជួបរឿងអកុសលបែបនេះតែម្តង។

ជុំវិញករណីគ្រោះថ្នាក់បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់នេះ នគរបាលចរាចរណ៍ បានបញ្ជាក់ថា ដើមចមបង្កការគ្រោះថ្នាក់នេះមិនទាន់ហ៊ានអះអាងថាបង្កឡើងដោយភាគីណានៅឡើយទេ ខណៈករណីគ្រោះថ្នាក់ខាងលើសមត្ថកិច្ចកំពុងវាស់វែងនិងស្រាវជ្រាវរកមូលហេតុបន្ត។ សមត្ថកិច្ចបានឱ្យដឹងទៀតថា អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ មានឈ្មោះ,១-ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) អ្នកបើកបរម៉ូតូ មុខរបរកសិករ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំព,២-ឈ្មោះ ម៉ៅ ញេប ភេទប្រុស អាយុ៦៩ឆ្នាំ (ស្លាប់)អ្នករួមដំណើរ មានទីលំនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត,ទី៣-ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់) ជាអ្នកបើកបររថយន្តនីសាន់ មានទីលំនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

បច្ចុប្បុន្ន ជនរងគ្រោះទាំង៣នាក់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ សាច់ញាតិ ដើម្បីមកទទួលយកសព ទៅកាន់លំនៅដ្ឋាន ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ