អាជ្ញាធរខេត្តសៀមរាបចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

0

សៀមរាប: នៅវត្តព្រះពុទ្ធអណ្តែតរង្សី ហៅវត្តដំណាក់ខ្ចាស់ ក្នុងឃុំសំបួរ ស្រុកក្រឡាញ់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ បានដឹកនាំក្រុមការងារទី២ ចុះធ្វើការជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការកែសម្រួលព្រំប្រទល់តំបន់២ តំបន់៣ និងធ្វើការកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់បឹងទន្លេសាប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានមានមតិផ្តាំផ្ញើមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយសូមអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋ ដែលនឹងទទួលបានដីកម្មសិទ្ធិ និងសូមឱ្យបន្តធ្វើការអាស្រ័យផលបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង ហើយសូមបងប្អូនប្រជាពលរដ្ឋ កុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត និងសូមធ្វើការដាំព្រៃលិចទឹកឡើងវិញនៅលើទីតាំងថ្មីដែលបានកាប់ទន្ទ្រាន ដើម្បីជាជម្រកសត្វព្រៃ និងត្រីនៅរដូវទឹកឡើង ព្រមទាំងដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋផ្ទាល់នាពេលអនាគត ហើយអាជ្ញាធរភូមិឃុំស្រុក ត្រូវបន្តដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋបានធ្វើការសាទរ និងធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរដល់ទុក្ខលំបាក និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
បន្ទាប់ពីបានចុះធ្វើការជួបសំណេះសំណាល និងផ្សព្វផ្សាយនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោរួចមក ក្រុមការងារទី២ បានបន្តធ្វើការប្រជុំពិភាក្សា ដើម្បីរៀបចំផែនការក្នុងការចុះអនុវត្តនូវការងារនេះប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។

គួររម្លឹកថា ដោយមានការគិតគូរខ្ពស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបត់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលជាក់ស្តែង ដូចនេះ ការកែសម្រួលនេះ ប្រជាពលរដ្ឋនឹងអាចទទួលបានដីកម្មសិទ្ធិ ឬអាស្រ័យផលដោយស្របច្បាប់ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។ សម្រាប់ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋនេះ គឺជាដីដែលប្រជាពលរដ្ឋ អាស្រ័យផលយ៉ាងតិចបំផុត ១០ឆ្នាំ ឬមិនមែនជាដីលិចទឹក ដែលអាចឱ្យប្រកបមុខរបរកសិកម្មបានយ៉ាងងាយស្រួល៕