រាជធានីភ្នំពេញ៖ ឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ ចំពោះការខូចខាតអស់ស្ទើរទាំងស្រុង និងមនុស្សរបួសនោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននៅឡើយទេ។
ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៥ជាងល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកគ្រឿងសំណង់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៤៦ សង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានអណ្ដាតភ្លើង និងមានផ្សែងហុយខ្មួលខ្មាញចេញពីខាងក្នុងឃ្លាំង ឃើញកម្មកររត់ចេញពីខាងក្នុងស្រែកឆោឡោអោយជួយ។ រួចភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការ និងពន្លយ់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឱ្យទាន់ពេលវេលា ដោយផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន ទើបបណ្ដាលឱ្យដំបូលឃ្លាំងបាក់ស្រុត និងខាងជំនាញលំបាក ក្នុងការចូលទៅបាញ់ទឹកពន្លត់។ តែសំណាងល្អ ក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឱ្យឆេះដាលរាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ។
លោកនាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល បានបន្តទៀតថា ក្នុងករណីគ្រោះអគ្គិភ័យនេះ កម្លាំងជំនាញមិនទាន់អាចសន្និដ្ឋានបានថា មានមនុស្សរងរបួសស្លាប់ឬអត់នៅឡើយនោះទេ និងទំហំនៃការខូចខាតអស់ស្ទើរទាំងស្រុង ហើយមូលហេតុ នៃការឆាប់ឆេះសន្និដ្ឋានជំហានដំបូងគឺអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងប្រតិបត្តិការនេះគេសង្កេតឃើញថាមានរថយន្តពន្កត់អគ្គិភ័យជាច្រើនអង្គភាពបានចុះមកដល់ទីតាំងកើតហេតុ រួមមានរថយន្តទីក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងប្រើប្រាស់អស់រថយន្តជាច្រើនគ្រឿងទើបបាញ់ទឹកពន្លយ់ឱ្យរលត់ទៅវិញជាស្ថាពរ៕








































