ភ្នំពេញ ៖ រថយន្តពីរគ្រឿងគៀបជាប់គ្នានៅចំណុចផ្លូវលេខ ១៥៥ កែងផ្លូវលេខ ៤៣២ ជាប់វិទ្យា ល័យ ទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន ដោយរថយន្តមួយគ្រឿងម៉ាក កាមរី បាឡែន បើកបរលឿនជ្រុលបុកចំពាក់កណ្តាលខ្លួនរថយន្តកុងគឺន័រដែលកំពុងបើកបត់ កាលពីវេលាម៉ោង ២ នឹង ៤០ នាទីឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកុង គឺន័រ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 4879 បើកបរដោយយុវជនឈ្មោះ ប៉ុង ពិសិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មមលុះដល់ចំណុចផ្លូវកែងលេខ ១៥៥ ក៏បានទាញចង្កូតបត់ខាងស្តាំដៃ ពុំបានបើកភ្លើងស៊ីញូវ ទើបបណ្តាលឲ្យបុរសម្នាក់បើកបររថយន្ត
កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X 3893 ទិសដៅពីស្របគ្នាយ៉ាងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុកចំ ពាក់កណ្តាលខ្លួនរថយន្តកុងគឺន័រគៀបជាប់គ្នា បណ្តាលឲ្យរថយន្តកាមរីបាឡែន រងការខូចខាតមួយចំហៀង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍និយាយសម្របសម្រួលរវាង ភាគីទាំង ២ ដោយឲ្យភាគីម្ចាស់រថយន្តកុងគឺន័រជួយចេញសង់ថ្លៃខូចខាតរថយន្តកាមរីបាឡែន ពាក់កណ្តាលម្នាក់ ។ ដូច្នេះម្ចាស់រថយន្តកុងគឺន័របានយល់ព្រម នឹង សុំឲ្យម្ចាស់រថយន្តកាមរី បាឡែនបើករថយន្តការ៉ាសដើម្បីជុលជួសអស់ប៉ុន្មានម្ចាស់រថយន្តកុងគឺន័រជាអ្នកចេញទាំងស្រុងតែម្តង៕