មណ្ឌលគិរី៖ ឈើប្រណិតប្រភេទធ្នង់ប្រមាណជិត២០០កំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះចាប់បង្ក្រាបបានស្ថិតនៅចំនុចភូមិអន្ត្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៥ កុម្ភះ ២០១៤ ហើយរហូតមកដល់ថ្ងៃទី២៧ កុម្ភះកំណាត់ឈើប្រណិតទាំងនោះត្រូវបានដឹកជញ្ជូនយកទៅរក្សាទុករួចរាល់អស់ហើយនៅផ្នែករដ្ឋបាលព្រៃស្រុកកែវសីមា។ ប្រភពបានឲ្យដឹងថា កំណាត់ឈើប្រណិតដែលសមត្ថកិច្ចចាប់បង្ក្រាបបាននោះ គឺក្រុមឈ្មួញត្រៀម ដឹកយកទៅខេត្តក្រចេះ រួចបន្តយកទៅលក់ឲ្យថៅកែវៀតណាមតាមព្រំដែនស្រុកស្នូល។
ដែលការដឹកជញ្ជូនឈើប្រណិតនេះ ទៀតសោតត្រូវបានប្រភពបញ្ជក់ថា មានជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃៗមានរទេះគោរថយន្តធន់ធំប្រភេទដំរីទឹកនឹងបង្កុង ដឹកបន្តកន្ទុយគ្នារាប់រយម៉ែត្រគូប ទៅលក់ឆ្លងដែន ដោយឆ្លងកាត់ពីខេត្តមណ្ឌលគិរី ចូលទៅខេត្តក្រចេះ ជាពិសេសផ្លូវព្រំប្រទល់ស្រុកស្នូល ស្រុកចិត្របុរីរបស់ខេត្តក្រចេះ ដែលជាប់ជាមួយស្រុកកែវសីមា ស្រុកអូររាំង ស្រុកពេជ្រា នឹងស្រុកកោះញែក របស់ខេត្តមណ្ឌលគិរី។សេចក្តីរាយការណ៏មួយក៏បានបង្ហើបឲ្យដឹងដែរថា ចំពោះការចាប់បង្ក្រាបឈើប្រណិតខាងលើនេះ គឺមកពីចរចារលើតម្លៃរត់ការមិនត្រូវគ្នាទើបឈានទៅដល់ការចាប់បង្ក្រាបជាទ្រង់ទ្រាយធំបែបនេះ។
ព្រោះត្បិតជំនួញឈើប្រណិតឆ្លងដែននេះកើតមានជារៀងរាល់ថ្ងៃពុំមានសមត្ថកិច្ចឬមន្ត្រីជំនាញណា បើកភ្នែកចុះចាប់នោះទេប្រហែលជាត្រូវរ៉ូវគ្នាក្នុងសំនូកណាមួយក៏មិនដឹង។ ក្នុងនោះប្រជាពលរដ្ឋនឹងមន្ត្រីរាជការបានលើកឡើងថា ប្រសិនបើស្ថាប័នពាក់ព័ន្ឋនានានានៅតែបណ្តោយឲ្យបទល្មើសព្រៃឈើកើតមានជារៀងរាល់ថ្ងៃបែបនេះ មិនយូរឡើយព្រៃឈើធម្មជាតិក៏ដូចជាសត្វព្រៃនឹងទទួលរងនូវវិនាសកម្ម បាត់បង់ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។ដូច្នេះហើយប្រជាពលរដ្ឋបានធ្វើការសំនូមពរដល់អាជ្ញាធរពាក់ព័ន្ឋមេត្តជួយពិនិត្យឡើងវិញនូវបញ្ហានេះ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ព្រៃឈើប្រណិតនឹងសត្វព្រៃកម្រផង៕