រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាប្រធានសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូទៅយកក្មួយស្រី២នាក់ចេញពីធ្វើការនៅហាងផឹកស៊ីមួយ ហើយខ្យល់គបានជិះម៉ូតូទៅបុកខឿនផ្លូវមុខផ្ទះលក់ចាប់ហួយមួយកន្លែងកាលពីវេលាម៉ោង០១និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៤ តាមបណ្ដោយផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ជនរងគ្រោះខាងលើឈ្មោះ យ៉ែម ណៃ អាយុ៣៤ឆ្នាំមុខរបរជាប្រធានសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយដែលប្រចាំការនៅចក្រវាឡប្លែកពីគេ ស្នាក់នៅផ្ទះជួលម្ដុំលូរ៥ ស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ ដែលមានស្រុកកំណើតនៅភូមិវត្តចាស់ ឃុំព្រែកដំបូង ស្រុកមុខកំពូល ខេត្តកណ្ដាល។
តាមការអោយដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគាត់ជិះម៉ូតូសង់ឌ្រីមC125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Q-7595 ចេញពីកន្លែងធ្វើការហើយទៅយកក្មួយស្រី២នាក់ទៀតដែលធ្វើការនៅហាងផឹកស៊ីមួយក្បែរកន្លែងកើតហេតុខាងលើ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុក៏បានខ្យល់គវិលមុខរេចង្កូតទៅបុកនិងខឿនផ្លូវបណ្ដាលអោយដួលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះខាងលើបានចុះមកដល់កន្លែងកើតហេតុហើយស្រែកទ្រហ៊ោយំនិងនាំយកសពរបស់ជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕